បន្ទាយមានជ័យ ១ កុម្ភៈ ២០១៦៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ …
បន្ទាយមានជ័យ ១ កុម្ភៈ ២០១៦៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានកាចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្តចំនួន៤០៥នាក់ (ស្រី៦២នាក់)។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលអង្គសន្និបាត ឯកឧត្ដម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍លើកឡើងពីវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបានជំរុញបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេឡើងថែមទៀត សំដៅធ្វើឲ្យតំបន់ជនបទក្លាយទៅជាកន្លែងដែលមានការប្រែប្រួលមុខមាត់ថ្មី និងក្លាយជាតំបន់អភិវឌ្ឍន៍ ប្រកបដោយសក្ដានុពលសម្រាប់ជំរុញល្បឿននៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបានមានប្រសាសន៍ថា ជាទូទៅឆ្នាំ២០១៥នេះ មានលក្ខណៈល្អប្រសើរ ដែលកងកម្លាំងនគរបាលការពារ និងទប់ស្កាត់បានពិសេសចោរលួច ចោរប្លន់ និងសន្តិសុខនៅតាមតំបន់ព្រំដែន។ ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅតែជាការងារគន្លឹះក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ។
ឯកឧត្ដមមានប្រសាសន៍លើកឡើងពីលទ្ធផលនៃការអនុវត្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៥ ដែលចំណុចសំខាន់ៗរួមមាន៖ ១).ការអនុវត្តមុខងារដែលបានផ្ទេរពីថ្នាក់ជាតិ រួមមានការបង្កើតការិយាល័យច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ សេវាគ្រប់គ្រងកាកសំណល់រឹង រាវ ការងារគណនេយ្យភាពសង្គម ការអនុវត្តការងារសេវាសង្គម ២).ការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ៣).ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍន៍សមត្ថភាព ៤).ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលខេត្ត និង ៥).ការគ្រប់គ្រងធនធានរបស់រដ្ឋបាលខេត្ត រួមមានការអនុវត្តមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងថវិកាគុណប្រយោជន៍ខេត្ត។
អង្គសន្និបាតបានលើកយកខ្លឹមសារសំខាន់ៗមួយចំនួន មកពិភាក្សា និងបានដាក់ចេញនូវគោលការណ៍ណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖
- ការសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែតជាបញ្ហាស្មុគ្រស្មាញដែលត្រូវយកចិត្តទុកដាក់និងត្រូវខិតខំព្យាយាមរកដំណោះស្រាយដែលសមស្រប
- រដ្ឋបាលក្រុង មន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ត្រូវកែលំអប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដែលប្រើអក្សរខ្មែរ និងបរទេសត្រូវអនុវត្តទៅតាមប្រកាសរបស់ក្រសួង
- បញ្ហាល្បែងស៊ីសង កន្ទុយលេខបានកើតមានក្នុងមូលដ្ឋានមួយចំនួន ស្នើដល់សមត្ថកិច្ច
- ពាក់ព័ន្ធមានវិធានការទប់ស្កាត់ដោយម៉ឹងមាត់ធានាបានតាមគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព
- ថវិកាមូលនិធិក្រុង ស្រុកគឺផ្ដោតទៅការការកាត់បន្ថយភាពក្រីក្រ ហើយស្នើសុំឲ្យរដ្ឋបាល ក្រុង ស្រុក អនុវត្តឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ ថ្នាក់ជាតិមិនអនុញ្ញាតឲ្យយកថវិកាមូលនិធិឃុំ សង្កាត់ មកជួសជុលអគាររដ្ឋបាល
- ការអភិវឌ្ឍន៍សមត្ថភាព ដែលរៀបចំដោយគណៈកម្មាធិការអភិវឌ្ឍន៍ធនធានមនុស្សខេត្តកន្លងមក សង្កេតឃើញថាថ្នាក់ដឹកនាំក្រុង ស្រុកមួយចំនួន មិនយកចិត្តទុកដាក់ចូលរួមបានពេញលេញ និងស្នើឲ្យមានការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលទាំងឡាយ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបានប្រសើរឡើង ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ប្រចាំខេត្តបន្ទាយមានជ័យ