អភិបាល​ខេត្ត​បន្ទាយមានជ័យ ជំរុញ​អាជ្ញាធរ​ដែនដី​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ ឱ្យ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​

បន្ទាយមានជ័យ ២៤ មីនា ២០១៥៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៥ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ អភិបាលខេត្តបន្ទាយមានជ័យ ក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមអនុវត្តការងារអោយបានសម្រេចនូវទិសដៅភារកិច្ចការងារប្រឡងប្រណាំងឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

បន្ទាយមានជ័យ ២៤ មីនា ២០១៥៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៥ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ អភិបាលខេត្តបន្ទាយមានជ័យ ក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមអនុវត្តការងារអោយបានសម្រេចនូវទិសដៅភារកិច្ចការងារប្រឡងប្រណាំងឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នេះគឺក្នុងទិសដៅបង្កើនប្រសិទ្ធភាពគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យក្លាយជាចលករក្នុងការលើក កម្ពស់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈកាន់តែល្អថែមទៀត ដើម្បីឆ្លើយតបតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

 

ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ជានិច្ចកាលត្រូវ បន្តប្រកាន់ខ្ជាប់នូវទស្សនៈភូមិ-ឃុំមានសុវត្ថិភាព ជាភារកិច្ចសំខាន់សម្រាប់កិច្ចការប្រចាំថ្ងៃរបស់ខ្លួន  និង យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនៈ វិធីសាស្ត្រ ដើម្បីសម្រេចបាននូវខ្លឹមសារនៃប្រធានបទភូមិ ឃុំ មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់មហាជន និងគ្រប់ទីកន្លែង ដោយភ្ជាប់ជាមួយគោលការណ៍ប្រឡងប្រណាំង ព្រមទាំងត្រូវបង្កើនការរៀបចំវេទិកា សាធារណៈឱ្យកាន់តែសកម្មថែមទៀត ដោយយកចិត្តទុកដាក់អំពីគុណភាពនៃ ការទទួលបានព័ត៌មានអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ព្រមទាំងត្រូវខិតខំដោះស្រាយសំសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងឱ្យបានរួសរាន់ប្រកបដោយស្មារតីទទួលខុសត្រូវ ។

 

ឯកឧត្តម គោ ស៊ុំសារឿត បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាត និងទិសដៅរបស់ក្រសួងមហាផ្ទៃ នេះក្នុងគោលបំណងសំខាន់ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធដែលបានចូលរួមទាំងអស់ស្វែងយល់ស៊ីជម្រៅទៅ លើខ្លឹមសារនៃឯកសារមួយចំនួន ដែលត្រូវរួមគ្នាអនុវត្តឱ្យទទួលបានជោគជ័យ តាមទិសដៅការងារឆ្នាំ២០១៥ មានដូចជាធ្វើការឆ្លុះបញ្ចាំងពីទិសដៅការងារ ឆ្នាំ ២០១៥របស់រដ្ឋបាលខេត្ត ថាតើមានអ្វីដែលឆ្លើយតប និងមិនឆ្លើយតបទៅនឹង ទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ត្រួតពិនិត្យពីទិសដៅភារកិច្ច ការងារប្រឡងប្រណាំងឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការធ្វើចំណាត់ថ្នាក់ជយលាភី ឆ្នាំ២០១៤ និងត្រួតពិនិត្យពីទិសដៅសម្រាប់ឆ្នាំ២០១៥ របស់គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស  ព្រមទាំងមតិចូលរួមស្តីពីការផ្តល់សេវារដ្ឋបាលច្រកចេញ ចូលតែមួយនៃក្រុងទាំងពីរ គឺក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត និងការផ្តល់សេវារដ្ឋបាលនៃស្រុកដទៃទៀត។

ឯកឧត្តមបន្តទៀតថា ដោយសារឆ្នាំ២០១៥នេះមានការងារថ្មីៗជាច្រើន ទៀតកំពុងរងចាំ  ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែមានបទពិសោធន៍ ភាពឆ្នៃប្រឌិតឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតដើម្បីឆ្លើយតបចំពោះការវិវត្តប្រែប្រួលលើគ្រប់វិស័យនៃសង្គមជាតិ៕ ដោយ៖ ឈុន សារ៉ាត

ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់