កម្មវិធីផ្សព្វផ្សាយគោលការណ៍សំខាន់ៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ២៣ កក្កដា ២០១៤៖ កម្មវិធីផ្សព្វផ្សាយគោលការណ៍ សំខាន់ៗ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តម គោស៊ុំ សារឿត អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មានរយៈពេល មួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤

បន្ទាយមានជ័យ ២៣ កក្កដា ២០១៤៖ កម្មវិធីផ្សព្វផ្សាយគោលការណ៍សំខាន់ៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានរយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមៈ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត ការិយាល័យលេខាក្រុមប្រឹក្សាខេត្ត មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត  នាយកអង្គការជាតិ និងអន្តរជាតិសរុប៥២រូប (ស្រ្តី៦ រូប)។

ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែង អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ មានលក្ខណៈយូរអង្វែង ស៊ីជម្រៅ ទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយប្រកបដោយភាពស្មុគស្មាញ ហើយអាចប្រឈមនឹង ឧបសគ្គនានា ដែលត្រូវពុះពារជំនះឲ្យបាន ក្នុងអំឡុងពេលអនុវត្ត តាមរយៈ ការដាក់ចេញ នូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបង្ហាញអំពីគោលបំណងនៃកម្មវិធីផ្សព្វផ្យាយដើម្បីអភិវឌ្ឍ និងលើក កម្ពស់គុណភាពការអនុវត្តការងារ និងភាពស័ក្កិសិទ្ធរបស់រដ្ឋបាលខេត្តក្នុង អាណត្តិរបស់ខ្លួន ស្វែងយល់បន្ថែមទៀតអំពីការបំពេញតួនាទី និងការទទួល ខុសត្រូវរបស់រដ្ឋបាលខេត្ត អ្នកពាក់ព័ន្ធ និងកិច្ចការដ៏ទៃទៀត ព្រមទាំងឆ្លុះបញ្ចាំង អំពីអ្វីដែលរដ្ឋបាលខេត្តដែលបាននិងកំពុងអនុវត្តកន្លងមក និងបន្តការអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ព្រមទាំងផ្តល់ឱកាស ក្នុងការជជែក ពិភាក្សាអំពីការអនុវត្តនាទី របស់រដ្ឋបាលខេត្ត កាន់តែមាន លក្ខណៈច្បាស់លាស់ថែមទៀត។

កម្មវិធីផ្សព្វផ្សាយនេះត្រូវបានធ្វើបទបង្ហាញដោយ លោក សុខ សុធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ទីប្រឹក្សាគ្រប់គ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងមន្រ្តី គ្រប់គ្រងគម្រោងរបស់អង្គការ CCSP ដែលមានប្រធានបទចំនួន៨ គឺ៖

  1. តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋបាលខេត្ត
  2. អំពីល័ក្ខខ័ណ្ឌការងាររបស់មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
  3. ឯកសារបច្ចេកទេសស្តីពីកិច្ចប្រជុំក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  4. សេចក្តីព្រាងសៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត
  5. យន្តការគ្រប់គ្រងលទ្ធកម្មសាធារណៈ
  6. ឯកសារបច្ចេកទេសស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  7. ការរៀបចំរបាយការណ៍របស់រដ្ឋបាលរាជធានី ខេត្ត
  8. ការចូលរូមអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដោយលើកកម្ពស់វេទិកាសាធារណៈឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងក្នុងឱកាសបិទកម្មវិធីនេះ អំពីការទើបតែចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តថ្មី អាណត្តិទី២ ហើយទើបតែ បានប្រជុំសាមញ្ញលើកទី១របស់ខ្លួន ដែលក្រុមប្រឹក្សា ត្រូវបំពេញតួនាទីសំខាន់ៗ ជាច្រើនទៀតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាបានកំណត់ ទាមទារ ឲ្យក្រុមប្រឹក្សាមានការយល់ដឹង និងស្វែងយល់ឲ្យបានច្រើន អំពីលិខិតបទដ្ឋាន គតិយុត្តទាំងនោះ និងបទពិសោធន៍កន្លងមក ដើម្បីជាមូលដ្ឋាន សម្រាប់ការបំពេញ ការងារ របស់ខ្លួនឲ្យមានភាពស៊ីសង្វាក់ និងរលូនជាមួយគណៈអភិបាលខេត្ត និងអ្នកពាក់ព័ន្ធនានា ជាពិសេសក្នុងការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងដោះស្រាយបញ្ហា និងឆ្លើយតបទៅនឹងតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដោយធានាបានការផ្តល់សេវា ជូនប្រជាពលរដ្ឋដោយសមធម៌ មិនរើសអើង មិនប្រកាន់ពណ៌សម្បុរ និងធានា ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុភមង្គល សុខសន្តិភាព គោរពសិទ្ធិសេរីភាព និងគ្មានការរំលោភបំពារបំពាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់