កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លើកទី១ អាណត្តិទី២

បន្ទាយមានជ័យ ២០ មិថុនា ២០១៤៖ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាលើកទី១ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤…


បន្ទាយមានជ័យ ២០ មិថុនា ២០១៤៖ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាលើកទី១ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមៈ គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ នាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក មេបញ្ជាការនៃទីបញ្ជាការសឹករងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកអង្គការជាតិ និងអន្តរជាតិសរុប៦៩រូប (ស្រ្តី៧រូប)។

នៅក្នុងអាណត្តិទី២នេះ ចំនួនក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលជាប់ឆ្នោត មាន១៧រូប ដែលមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៤រូប គណបក្សហ៊្វុនស៊ីនប៉ិចចំនួន១រូប និងគណបក្សសង្គ្រោះជាតិចំនួន២រូប។ ដោយឡែក   កូរ៉ុមក្រុមប្រឹក្សាខេត្តនៅក្នុងកិច្ចប្រជុំលើកទី១នេះ មានចំនួន១៥ លើ១៧រូប ដោយអវត្តមានសមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិចំនួន២រូប។ ផ្អែកតាមច្បាប់ ក្រុមប្រឹក្សាខេត្តអាចដំណើរការកិច្ចប្រជុំសាមញ្ញរបស់ខ្លួនបាន។ របៀបវារៈនៃកិច្ចប្រជុំមានចំនួន៤របៀបវារៈ។

ឯកឧត្តម គោស៊ុំ សារឿត អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍អំពី
លទ្ធផលការងារ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែរបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី១របស់ក្រុមប្រឹក្សាខេត្ត ដែលផ្តោតទៅលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រង
ដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងភាពក្រីក្រ ព្រមទាំងបានបង្ហាញបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តដែលបានជួបប្រទះកន្លងមក។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កែវ សុភាព សមាជិកក្រុមប្រឹក្សាខេត្តបានអានសេចក្តីណែនាំលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ លោក ឈឿន ក្រៃយ៉ុង នាយរដ្ឋបាលខេត្តបានអានគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ។

ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី២ ព្រមទាំងបានស្នើដល់អភិបាលនៃគណៈអភិបាលខេត្តរៀបចំសេចក្តីព្រាងបង្កើតគណៈកម្មាធិការទាំង៣របស់ក្រុមក្រុមប្រឹក្សាខេត្ត ដែលជាកិច្ចការបន្ទាន់ ស្របទៅតាមការណែនាំ និងលិខិតបទដ្ឋាននានា និងជួយសម្របសម្រួលដល់ការវិលត្រឡប់របស់ពលករកម្ពុជា មកពីទឹកដីប្រទេសថៃ។

កាលបរិច្ឆេទនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាលើកទី២ អាណត្តិទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់