កិច្ចប្រជុំពិភាក្សាការងារ សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ១ សីហា ២០១៤៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំពិភាក្សា ដែលគាំទ្រដោយអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) ដើម្បីផ្តល់ការគាំទ្រថវិកាសម្រាប់ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ ១ សីហា ២០១៤៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំពិភាក្សា ដែលគាំទ្រដោយអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) ដើម្បីផ្តល់ការគាំទ្រថវិកាសម្រាប់ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គោស៊ុំ សារឿត  អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីនាយករដ្ឋបាលខេត្ត អង្គការ CCSP ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយករដ្ឋបាល ក្រុង ស្រុក មន្ត្រីលេខាក្រុមប្រឹក្សា     មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ចំនួន៣រូប សរុបចំនួន៣០រូប (ស្រី្ត២រូប)។

របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖

  1. បទបង្ហាញអំពីកិច្ចសហការគាំទ្ររបស់អង្គការ CCSP
  2. ពិភាក្សាជ្រើសរើសក្រុង ស្រុក គោលដៅ និងការគាំទ្រជាក់លាក់
  3. បទបង្ហាញអំពីនីតិវិធីទូទាត់ និងរបាយការណ៍

 ឯកឧត្តម គោស៊ុំ សារឿត អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ អង្គការ ភាពជាដៃ គូសង្គមស៊ីវិលកម្ពុជា (CCSP) ដែលបាន ចំណាយពេល ចូលរួម ក្នុងកិច្ចប្រជុំដ៍មានសារៈសំខាន់នេះ ព្រមទាំងផ្តល់នូវការគាំទ្រ ដល់ការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។

ទន្ទឹមនោះ ឯកឧត្តម បានរំលឹកអំពីតួនាទីរបស់រដ្ឋបាលក្រុង ស្រុក ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សា និងតួនាទីរបស់អភិបាល ក្នុងការ បំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក ឲ្យមានការឯកភាពគ្នា និង មានភាពរលូន ធ្វើយ៉ាងណាឲ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុង ស្រុក ក្នុងខែសីហា ខាងមុខនេះ ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ដើម្បីបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖

  • ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
  • ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
  • ការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើកិច្ចការរបស់ក្រុមប្រឹក្សា
  • ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប

ឯកឧត្តម បានស្នើដល់រដ្ឋបាលក្រុង ស្រុក ត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យបង្ហាញពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ស្រុក ហើយព្យាយាមបកស្រាយ និងឆ្លើយតបអំពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់។
 
លោកស្រី ប្រាក់ សុខានី នាយិកាប្រតិបត្តិ នៃអង្គការ ភាពជា ដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) បានធ្វើការសម្រេចចិត្តគាំទ្រ ដល់រដ្ឋបាលក្រុង ស្រុកនីមួយៗ ទទួលបានថវិកាចំនួន ២៥០ដុល្លារ ក្នុងមួយក្រុង ស្រុក ដែលមានទឹកប្រាក់សរុប ២.២៥០ដុល្លារ សម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកស៊ុយ ប៊ុនថន មន្រ្តីសម្របសម្រួល ក្រុមប្រឹក្សាខេត្ត បានធ្វើបទបង្ហាញ អំពីទម្រង់សម្រាប់រដ្ឋបាល ក្រុង ស្រុកនីមួយៗសម្រាប់បំពេញ ដាក់ជូនអង្គការ CCSP ដើម្បី ទទួលបានថវិកា ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុង ស្រុក រួមមាន៖ ១) ពាក្យស្នើសុំ សាច់ប្រាក់បុរេប្រទាន ២)សំណើសកម្មភាព ៣)សំណើទូទាត់ ជម្រៈសាច់ប្រាក់បុរេប្រទាន។ ការបំពេញទម្រង់នេះ ជាការទទួលខុសត្រូវរបស់នាយករដ្ឋបាលក្រុង ស្រុកនីមួយៗ ដោយមានការគាំទ្រពីមន្រ្តីសម្របសម្រួលក្រុមប្រឹក្សាក្រុង ស្រុក៕ ដោយ៖ ស៊ុយ ប៊ុនថន មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់