ខេត្តកែប៖ នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសហការជាមួយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី ការជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាពនៅកម្ពុជា។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល០១ថ្ងៃ គឺថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារ Rock Royal ខេត្តកែប ដោយមានសមាសភាពចូលរួមពីប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី និងជាតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកែប តំណាងរដ្ឋបាលក្រុងកែប តំណាងមន្ទីរពាក់ព័ន្ធ តំណាងអង្គការ UNDP តំណាងសង្គមស៊ីវិល ព្រមទាំងតំណាងសមាគមសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យឯកជនសរុបប្រមាណ ៤២រូប។
សិក្ខាកាមទាំងអស់បានចូលរួមសកម្មភាពសំខាន់មួយចំនួន រួមមាន៖
• បទបង្ហាញស្តីពីការអនុវតគម្រោង
• បទបង្ហាញការគ្រប់គ្រងសំណល់រឹង
• ការពិភាក្សាប្រធានបទ៖
– ការបញ្ជ្រាបការគ្រប់គ្រងសំណល់រឹងក្នុងផែនការអភិវឌ្ឍន៍០៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
– ជម្រើសនានាក្នុងការអនុវត្ត (ការធ្វើជីកំប៉ុស និងការរៀបចំបង្កើតដេប៉ូ)
– និង ភាពជាដៃគូរវាងសាធារណៈនិងវិស័យឯកជន(PPP)។
សូមជម្រាបជូនថា គោលបំណងនៃគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍដោយចីរភាពនៅកម្ពុជា (Building An Enabling Environment for Sustainable Development) គឺដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅកម្ពុជា៕