ការ​ពង្រឹង​សមត្ថភាព​អំពី តួនាទី និងការទទួលខុសត្រូវ ​របស់​ក្រុមប្រឹក្សាជាស្រ្តី ខេត្តបាត់ដំបង

បាត់ដំបង ១៦ កញ្ញា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយកម្មវិធីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ (EU-SPACE) បានផ្តល់ការអភិវឌ្ឍសមត្ថភាពអំពីតួនាទី និងការទទួលខុសត្រូវ រយៈពេល ៣ថ្ងៃ នៅថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤ ដល់ក្រុមប្រឹក្សាជាស្ត្រីចំនួន៣៩រូប នៃខេត្តបាត់ដំបង…

បាត់ដំបង ១៦ កញ្ញា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយកម្មវិធីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ(EU-SPACE) បានផ្តល់ការអភិវឌ្ឍសមត្ថភាពអំពីតួនាទី និងការទទួលខុសត្រូវ រយៈពេល៣ថ្ងៃនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤ដល់ក្រុមប្រឹក្សាជាស្ត្រីចំនួន៣៩រូប នៃខេត្តបាត់ដំបង ស្រុកទាំង១៣ និងក្រុង១ ដែលធ្វើឡើងនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។

វគ្គពង្រឹងសមត្ថភាពនេះមានគោលបំណងដើម្បីឲ្យក្រុមប្រឹក្សាជាស្ត្រីបានពង្រឹងបន្ថែមនូវការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ចែករំលែកបទពិសោធន៍រវាងក្រុមប្រឹក្សាថ្មី និងក្រុមប្រឹក្សាចាស់ ពង្រឹងសមត្ថភាពបន្ថែមលើការវិភាគបញ្ហា និងបង្កើនទំនុកចិត្តលើខ្លួនឯង។

លោកស្រី Ruth Gruber ទីប្រឹក្សាកម្មវិធី EU-SPACE មានប្រសាសន៍ថា មានការផ្លាស់ប្ដូរនៅក្នុងអាណត្តិទី២នៃក្រុមប្រឹក្សាក្នុងខេត្តបាត់ដំបង ដោយចំនួនក្រុមប្រឹក្សាជាស្ត្រីមានកើនឡើងពី២៨រូប (អាណត្តិទី១) ទៅ៣៩រូប (អាណត្តិទី២) [កើនឡើង១១រូប]។ លោកស្រីបន្តថា សម្លេងក្រុមប្រឹក្សាជាស្ត្រីក្នុងខេត្តនេះ នឹងកាន់តែមានភាពខ្លាំងឡើង ហើយនឹងត្រូវបានគេលឺកាន់តែខ្លាំងឡើងៗនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពី១ខែទៅ១ខែ។ កម្មវិធី EU-SPACE នៅតែខិតខំគាំទ្របន្ថែមទៀត ដើម្បីឲ្យសម្លេងរបស់ក្រុមប្រឹក្សាជាស្ត្រី កាន់តែរឹងមាំឡើង ហើយនឹងបន្តសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការបណ្ដុះបណ្ដាលក្រុមប្រឹក្សាជាស្ត្រីឲ្យកាន់តែមានទំនុកចិត្តថែមទៀត។

លោក ស៊ឹម អឿន ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋាននៃកម្មវិធីEU-SPACE ប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមប្រឹក្សាជាស្ត្រីដែលជាប់ឆ្នោតក្នុងអាណត្តិទី២ នេះនៅមានការភ័យខ្លាចនៅឡើយ នៅក្នុងការនិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដោយពួកគាត់មិនទាន់មានទំនុកចិត្ត និងជាក្រុមប្រឹក្សាថ្មី មិនទាន់មានបទពិសោធន៍ និងមិនទាន់មានការយល់ដឹងអំពីការបំពេញតួនាទី ភារកិច្ច បទដ្ឋានគតិយុត្ត និងរបៀបរបបបំពេញការងារ។ លោកថា ក្រុមប្រឹក្សាជាស្ត្រីត្រូវការជាចាំបាច់វគ្គបណ្តុះបណ្តាលជាច្រើនទៀត ដើម្បីឲ្យពួកគាត់មានសមត្ថភាពដូចក្រុមប្រឹក្សាជាស្ត្រីដែលជាប់ឆ្នោតតាំងពីអាណត្តិទី១។

លោកបន្តថា កាលពីអាណត្តិទី១ ក្រុមប្រឹក្សាជាស្ត្រីដែលទើបជាប់ឆ្នោតថ្មី ក៏មានការភ័យខ្លាចដូចគ្នានេះដែរ ហើយត្រូវបានបណ្តុះបណ្តាលចំនួនពី៥-៦ លើក ទើបពួកគាត់មានភាពរឹងមាំ អាចនិយាយ បញ្ចេញមតិ យោបល់ និងលើកបញ្ហាដាក់ក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ព្រមទាំងអាចសម្របសម្រួល និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) បាន។ លោក សង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ក្រុមប្រឹក្សាជាស្រ្តីថ្មីក្នុងអាណត្តិនេះ នឹងមានភាពក្លាហានជាងមុន នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា។

នៅក្នុងវគ្គពង្រឹងសមត្ថភាពនេះ មានក្រុមប្រឹក្សាចាស់២២រូប និងក្រុមប្រឹក្សាថ្មី១៧រូប បានធ្វើការពិភាក្សាជាក្រុមទៅលើតួនាទី និងការទទួលខុសត្រូវ ដោយក្រុមប្រឹក្សាចាស់បានចែករំលែកបទពិសោធន៍ដល់ក្រុមប្រឹក្សាថ្មី។

លោកជំទាវ ញឹក សាគន្ធ សមាជិកក្រុមប្រឹក្សាថ្មីខេត្តបាត់ដំបង មានប្រសាសន៍ថា លោកជំទាវមានការសប្បាយរីករាយនៅពេលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្ត។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាចំនួន៣លើកកន្លងមក នៃអាណត្តិទី២នេះ លោកជំទាវមានការភ័យខ្លាច មិនហ៊ាននិយាយទៅកាន់បុរស ពីព្រោះដោយសារមិនសូវយល់ដឹងពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា។ ទោះបីយ៉ាងណាក៏ដោយ លោកជំទាវ នឹងខិតខំប្រឹងប្រែង ដើម្បីឲ្យខ្លួនឯងមានការរីកចម្រើនទៅមុខ។ «ខ្ញុំ និងសមាជិកក្រុមប្រឹក្សាដ៏ទៃទៀត នឹងខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍខ្លួនឯង ហើយនឹងហ៊ានលើកយកបញ្ហា និងការលំបាករបស់ស្ត្រីនៅក្នុងកិច្ចរបស់ក្រុមប្រឹក្សា»។

 

 ចំណែកលោកស្រី សុច សូនី សមាជិកក្រុមប្រឹក្សាថ្មីនៃស្រុកសង្កែ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា៣លើកកន្លងមក លោកស្រីក៏មានការភ័យខ្លាចដែរ ដោយសារចំណេះដឹងរបស់លោកស្រីនៅមានកម្រិត មិនសូវយល់ដឹងពីការងាររបស់ក្រុមប្រឹក្សា។ លោកស្រីមានការព្រួយបារម្ភ ពីព្រោះសមត្ថភាពនៅមានភាពទន់ខ្សោយជាងបុរស។ ប៉ុន្តែ លោកស្រីជឿជាក់ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោកស្រីនឹងមានឱកាសកសាងសមត្ថភាព ឲ្យមានភាពខ្លាំងក្លាដូចក្រុមប្រឹក្សាដ៏ទៃទៀត។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាចាស់ជាស្ត្រីក្នុងខេត្តបាត់ដំបង បានទទួលការពង្រឹងសមត្ថភាពចំនួន៨វគ្គមកហើយ។ ដោយឡែក ក្រុមប្រឹក្សាថ្មីជាស្ត្រីក្នុងខេត្តនេះ ទើបតែទទួលបានការបណ្តុះបណ្តាលលើកទីមួយតែប៉ុណ្ណោះ ដែលផ្តោតលើតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាជាស្ត្រី។ វគ្គបណ្តុះបណ្តាលនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាជាស្រ្តីឲ្យមានភាពរឹងមាំកាន់តែខ្លាំងឡើងៗ៕

 

អត្តបទពាក់ព័ន្ធៈ ការពង្រឹងសមត្ថភាពអំពី តួនាទី និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាជាស្រ្តី ខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់