ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ អង្គការJICA បង្កើន​ចំណេះ​ដឹង​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ និង​គណិតវិទ្យា​កម្រិត​មូលដ្ឋាន

ភ្នំពេញ ៤ មីនា ២០១៥៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្ដីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យានៅកម្រិតមូលដ្ឋានក្នុងគោលបំណងបង្កើនសមត្ថភាព និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

ភ្នំពេញ ៤ មីនា ២០១៥៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្ដីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យានៅកម្រិតមូលដ្ឋានក្នុងគោលបំណងបង្កើនសមត្ថភាព និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក IZAKI Hiroshi ប្រធានតំណាងការិយាល័យ JICAប្រចាំកម្ពុជា និងលោកគ្រូ អ្នកគ្រូមកពី០៦ ខេត្ត រាជធានី ដែលធ្វើឡើងនៅសាលាមធ្យមសិក្សាគរុកោសល្យមត្ដេយ្យមជ្ឈិមរាជធានីភ្នំពេញ។

 

ឯកឧត្ដម ហង់ ជួនណារ៉ុង បានមានប្រសាសន៍ថា សិក្ខាសាលានេះនឹងបាននាំយកនូវបទពិសោធន៍ជាច្រើននៃផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំវ័យក្មេងសម្រាប់ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ បន្ទាប់ពីការបើកសិក្ខាសាលានៅខេត្តបាត់ដំបង កាលពីខែមករា ឆ្នាំ២០១៥។

 

ឯកឧត្ដម បន្ដថាសិក្ខាសាលានេះមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍របស់កម្មសិក្សាការីដែលបានទៅទទួលការបណ្ដុះបណ្ដាលស្ដីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យា នៅកម្រិតមូលដ្ឋានអស់រយៈពេល១៨ថ្ងៃ នៅប្រទេសជប៉ុន កាលពីខែវិច្ឆិកាកន្លងទៅ ក្រោមការឧបត្ថម្ភ គាំទ្រ យ៉ាងចិត្ដទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលជប៉ុន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ប្រទេសកម្ពុជាដើម្បីលើកកម្ពស់ នូវការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា។

 

ឯកឧត្ដម បន្ថែមទៀតថា «នេះសបញ្ជាក់ឲ្យឃើញថារហូតមកដល់ពេលនេះ មានតែប្រទេសជប៉ុនទេ ដែលជួយបង្ហាត់បង្រៀនវិស័យអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យា ច្រើនជាងបណ្ដាប្រទេសដទៃទៀត»។

 

ទន្ទឹមនោះលោក IZAKI Hiroshi បានប្រសាសន៍ផងដែរថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើឲ្យសមត្ថភាពរបស់វិទ្យាស្ថានអប់រំ ក៏ដូចជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងមជ្ឈមណ្ឌលគរុកោសល្យរាជធានី-ខេត្ត មានការអភិវឌ្ឍន៍ឡើងក្នុងការបណ្ដុះបណ្ដាលគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា។

 

លោក បន្ថែមទៀតថា ជាងនេះទៅទៀតដោយសារតែអគារសាលាមិនមានគ្រប់គ្រាន់ JICA  ថែមទាំងផ្ដល់នូវជំនួយឥតសំណងសម្រាប់គម្រោងសាងសង់សាលាបឋមសិក្សានៅភ្នំពេញ ដើម្បីធ្វើឲ្យប្រសើរនូវបរិស្ថានរៀនសូត្រ សម្រាប់សិស្សានុសិស្ស ព្រោះនេះជាចំណុចប្រសើរ ឡើងនៃប្រព័ន្ធអប់រំជាអាទិភាពខ្ពស់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយ ជំនាញសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលអនាគត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល ៖ http://www.dap-news.com/2011-06-14-02-39-55/87307–jica–.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់