(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលា ស្ដីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ ៥០០រូប។
សិក្ខាសាលាជាតិនេះរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប និងផ្តល់ឱកាសឲ្យមានការពិភាក្សា និងពិគ្រោះយោបល់ក្នុងចំណោមតួអង្គពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងស្វែងរកការឯកភាពគ្នាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប ដើម្បីឈានទៅរៀបចំកញ្ចប់ និងការដាក់ជូនគ.ជ.អ.ប ពិនិត្យ និងសម្រេច ។
ផ្អែកតាមកម្មវិធីដែលបានគ្រោងទុក អង្គសិក្ខាសាលាទាំងមូលបានបង្ហាញអំពីវឌ្ឍភាព និងបញ្ហាប្រឈមនានានៅក្នុងការអនុវត្តក្នុងឆ្នាំ២០១៨ និង អំពីសេចក្តីព្រាងសកម្មភាពជាអាទិភាពនានាដែលគ្រោងនឹងសម្រេចឲ្យបាននៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
សូមជម្រាបជូនថា គ.ជ.អ.ប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លើសពីនេះទៀត គ.ជ.អ. ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕