រាជធានីភ្នំពេញ៖ ដើម្បីបង្ហាញសេចក្តីព្រាងបឋមនៃលទ្ធផលរំពឹងទុក និងសកម្មភាពសម្រាប់ឆ្នាំ២០១៨ និងណែនាំអំពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ (ផ.ស.ថ) ឆ្នាំ២០១៨ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំ ផ.ស.ថ ឆ្នាំ២០១៨ របស់ខ្លួន ជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់រាជធានី ខេត្តពាក់ព័ន្ធទាំងអស់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ ត្រូវបានផ្អែកតាមសកម្មភាពជាអាទិភាព និងសូចនាករសំខាន់ៗដែលបានកំណត់ក្នុងផែនការអនុវត្ត៣ឆ្នាំដំណាក់កាលទី៣នៃកម្មវិធីជាតិ (ផ.អ.៣ទី៣) ឆ្នាំ២០១៨-២០២០។ ផ.អ.៣ទី៣ បានកំណត់យកសមាសភាពចម្បងៗចំនួន០៥សម្រាប់អនុវត្តរួមមាន៖ (១)ការគ្រប់គ្រងការងារកំណែទម្រង់ (២)អភិបាលកិច្ចល្អ (៣)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស (៤)ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង (៥)វិមជ្ឈការហិរញ្ញវត្ថុ។
ក្នុងឆ្នាំ២០១៨ខាងមុខនេះ ការរៀបចំ ផ.ស.ថ របស់ គ.ជ.អ.ប តម្រូវឱ្យក្រសួង ស្ថាបន័ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់រៀបចំផែនការសកម្មភាព និងថវិការបស់ខ្លួនពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីដាក់បញ្ចូលទៅក្នុង ផ.ស.ថ រួមរបស់ គ.ជ.អ.ប ដោយនឹងត្រូវប្រើប្រាស់ថវិការបស់សាមីអង្គភាពនីមួយៗ ជំនួសឱ្យថវិកាដែលធ្លាប់ផ្តល់ឱ្យដោយ គ.ជ.អ.ប (នេះបើយោងតាមប្រសាសន៍បើកកិច្ចប្រជុំរបស់ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប )។
តាមរយៈបទបង្ហាញស្តីពី ជំហាន និងក្រមខ័ណ្ឌពេលវេលាសម្រាប់ការរៀបចំ ផ.ស.ថ ឆ្នាំ២០១៨ របស់លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានឱ្យដឹងថា ក្រសួង ស្ថាបន័ និងរាជធានី ខេត្តត្រូវរៀបចំសេចក្តីព្រាងលទ្ធផលរំពឹងទុក និងសកម្មភាពឆ្នាំ២០១៨ រួមទាំងថវិកាប៉ាន់ស្មាន រួចផ្ញើជូនលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យ និងផ្តល់យោបល់ឱ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ស្របជាមួយគ្នានេះ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងធ្វើការបូកសរុប និងរៀបចំសេចក្តីព្រាងលើកទី១នៃលទ្ធផលរំពឹងទុក របស់ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ និងចាប់ផ្តើមរៀបចំសេចក្តីព្រាងឯកសារ ផ.ស.ថ ឆ្នាំ២០១៨ ក្នុងចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ បើមិនមានការកែប្រែណាមួយទេ សិក្ខាសាលាជាតិស្តីពីការរៀបចំ ផ.ស.ថ ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ផ.ស.ថ ឆ្នាំ២០១៨ ត្រូវបានរំពឹងថានឹងត្រូវបានពិនិត្យ និងអនុម័តដោយ គ.ជ.អ.ប នៅដើមខែកុម្ភៈ ឆ្នាំ២០១៨៕