ផែនការ​សកម្មភាព និង​ថវិកាឆ្នាំ​២០១៥ ត្រូវ​ស្រប​តាម​ផអ៣ដំណាក់កាលទី២​

ភ្នំពេញ ១៥ មករា ២០១៥៖ ក្នុងពេលរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥របស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ គួរត្រូវគិតគូរបែងចែកថវិការបស់ខ្លួនមួយចំនួនក្នុងការអនុវត្តផែនការរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ ទី២) ដោយសារផអ៣ទី២ គឺជាកម្មវិធីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ១៥ មករា ២០១៥៖ ក្នុងពេលរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥របស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ គួរត្រូវគិតគូរបែងចែកថវិការបស់ខ្លួនមួយចំនួនក្នុងការអនុវត្តផែនការរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ ទី២) ដោយសារផអ៣ទី២ គឺជាកម្មវិធីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ង៉ាន់ ចំរើន បានថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋានគ.ជ.អ.ប ត្រូវអោយរដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំផែនការសកម្មភាព និងថវិការបស់ខ្លួនសម្រាប់រយៈពេល១ឆ្នាំសម្រាប់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់។

 

ការអនុវត្តផអ៣ដំណាក់កាលទី១ ភាគច្រើនបានទទួលជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដោយឡែកក្នុងផអ៣ដំណាក់កាលទី២ នេះ ជំនួយពីដៃគូអភិវឌ្ឍន៍ជាថិវកាត្រូវបានថយចុះ ដោយរាជរដ្ឋាភិបាលត្រូវបែងចែកថវិកាមួយផ្នែកក្នុងការអនុវត្តផអ៣ដំណាក់កាលទី២នេះ។ 

 

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំផែនការសកម្មភាព និងថវិកាដោយយោងទៅសមិទ្ធផលរំពឹងទុកដ៏សំខាន់ទាំង៥ របស់ផអ៣ដំណាក់កាលទី២ ដើម្បីអោយចុងបញ្ចប់នៃផអ៣ដំណាក់កាលទី២ ត្រូវបានបញ្ចប់គឺទទួលបានជោគជ័យលើសមិទ្ធផលដែលបានគ្រោងទុករួមមាន ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងនិងការអភវិឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ ព្រមទាំងស្របលើផែនការជាអាទិភាព គឺការពង្រឹងសមត្ថភាពក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ការបញ្ជ្រាបយេនឌ័រ និងការប្រមូលចងក្រងទិន្នន័យសម្រាប់រៀបចំសកម្មភាពផែនការ។

 

គួរបញ្ជាក់ដែរថាការវិភាជន៍ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានចែកជាផ្នែកធំៗគឺ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មណ្ឌលអភិវឌ្ឍធនធានមនុស្ស ប្រតិបត្តការរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរកិច្ចការនារី និងមន្ទីរផែនការ។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់