(ភ្នំពេញ)៖ នៅថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ដោយការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ ៥០០នាក់ នៅក្នុងសាលប្រជុំក្រសួងមហាផ្ទៃ។
សិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ រៀបចំឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៨ ដោយទទួលបានកត្តិយសដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្នុងពិធីបើក និងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងពិធីបិទ។
ថ្លែងក្នុងសិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែធ្នូនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សិក្ខាសាលាជាតិនេះរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប និងផ្តល់ឱកាសឲ្យមានការពិភាក្សា និងពិគ្រោះយោបល់ក្នុងចំណោមតួអង្គពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងស្វែងរកការឯកភាពគ្នាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប ដើម្បីឈានទៅរៀបចំកញ្ចប់ និងការដាក់ជូនគ.ជ.អ.ប ពិនិត្យ និងសម្រេច ។
លើសពីនេះទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបន្តមានប្រសាសន៍ថា ផ្អែកតាមកម្មវិធីដែលបានគ្រោងទុកអង្គសិក្ខាសាលា ទាំងមូល និងបង្ហាញអំពីវឌ្ឍភាព និងបញ្ហាប្រឈមនានានៅក្នុងការអនុវត្តក្នុងឆ្នាំ២០១៨ និង អំពីសេចក្តីព្រាងសកម្មភាពជាអាទិភាពនានាដែលគ្រោងនឹងសម្រេចឲ្យបាននៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
សូមជម្រាបជូនថា គ.ជ.អ.ប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លើសពីនេះទៀត គ.ជ.អ. ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕