រដ្ឋបាលខេត្ត ជំរុញ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​បន្ថែម ដើម្បី​ជួយ​វិស័យ​កសិកម្ម​

បន្ទាយមានជ័យ ១៤ មករា ២០១៥៖  រដ្ឋបាលខេត្តបន្ទាយមានជ័យបានជំរុញអោយក្រុង ស្រុក ត្រូវស្នើផែនការ និងគាំទ្រការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្គ្រ ផ្គត់ផ្គង់ទឹកជួយដល់វិស័យកសិកម្មបន្ថែមទៀត។…

 

បន្ទាយមានជ័យ ១៤ មករា ២០១៥៖  រដ្ឋបាលខេត្តបន្ទាយមានជ័យបានជំរុញអោយក្រុង ស្រុក ត្រូវស្នើផែនការ និងគាំទ្រការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្គ្រ ផ្គត់ផ្គង់ទឹកជួយដល់វិស័យកសិកម្មបន្ថែមទៀត។ នេះជាការលើកឡើង របស់ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យក្នុងកិច្ចប្រជុំវិភាគស្ថានភាពខេត្ត និងការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ កាលពីថ្ងៃទី១៣មករា ២០១៥ នៅសាលប្រជុំក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ។

 

ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា កិច្ចប្រជុំលើកនេះត្រូវពិភាក្សា ចាត់អាទិភាពស្ថានភាព និងការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត ដោយយោងបទពិសោធន៍ និងកត្តាប្រឈម មូលហេតុ និងស្ថានភាពខេត្តឆ្នាំ២០១៤ កន្លងមក។

 

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញ អ្នកពាក់ព័ន្ធ  ពិសេសមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្ត បានចូលរួមជិត ២០០ នាក់។

 

ឯកឧត្តម បានបញ្ជាក់ថាយោងតាមសេចក្តីរាយការណ៍ពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងឆ្នាំ២០១៤ មានការអភិវឌ្ឍន៍លើគ្រប់វិស័យរួមមាន វិស័យហេដ្ឋារចរនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម ថាមពល ពាណិជ្ជកម្ម ធារាសាស្ត្រ វិស័យអប់រំ សុខាភិបាលសង្គមកិច្ច។ល។

 

ចំពោះធារាសាស្ត្រគឺតែនៅខ្វះខាត ដើម្បីផ្តល់ទឹកបម្រើ ឬស្រោចស្រពដំណាំស្រូវទាំងបីរដូវ ដំណាំកសិឧស្សាហកម្ម ដំណាំគ្រប់មុខនៃវិស័យកសិកម្ម នោះដោយសារថា ក្នុងខេត្តបន្ទាយមានជ័យប្រជាកសិករបានកំពុងផ្លាស់ប្តូរឥរិយាបថទាន់សម័យ និងឆ្លើយតបបម្រែបម្រួលអាកាសធាតុ ក្នុងនោះមានធ្វើស្រូវវស្សាផងស្រូវប្រាំងផង ឬមួយចំនួនមិនធ្វើស្រែវស្សាមកធ្វើតែស្រែប្រាំងសុទ្ធ និងស្រូវបង្កើនរដូវ (ស្រូវប្រាំងដើមរដូវវស្សា) ព្រោះរដូវវស្សាប្រឈមនឹងទឺកជំនន់ឬហានិភ័យខ្ពស់ពេក។ ប៉ុន្តែកសិករពេលនេះ ជួបនឹងគ្រោះកង្វះខាតទឹកស្រោចស្រពស្រូវ។

 

លោក រុន សុផាន់ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថា កសិករធ្វើស្រូវប្រាំងនិងស្រូវប្រដេញទឹកបាន ១៤.៤៣៤ហិកតា លើ ៧.៤២០ហិកតា ឬស្មើនឹងជិត ២០០ភាគរយ នៃផែនការ។ ក្នុងនោះធ្វើបានច្រើនជាងគេនៅស្រុកព្រះនេត្រព្រះ មង្គលបូរី ភ្នំស្រុក។

 

លោករុន សុផាន់ណារ៉ា ទទួលស្គាល់ថា ការខ្វះទឹកគឺជាការបារម្ភមែន។ ដោយសារផ្ទៃដីធ្វើស្រូវច្រើនហួសពីការរំពឹងទុក និងទឹកស្រកលឿនអាចអោយមានការខ្វះទឹកស្រោចស្រពជាយថាហេតុនៅកន្លែងខ្លះ។ ប៉ុន្តែមកទល់ពេលនេះកសិកម្មតាមស្រុក និងអាជ្ញាធរដែនដី ពុំទាន់រាយការណ៍ផ្លូវការពីកង្វះទឹកនៅឡើយទេ។ ទឹកដែលបានប្រើស្រោចស្រពកន្លងមក និងបច្ចប្បន្នលើស្រូវប្រាំង និងស្រូវប្រដេញទឹកនោះ ពុំមែនប្រើទឹកពីប្រព័ន្ធធារាសាស្ត្រភាគច្រើននោះទេ។ កសិករបានប្រើទឹកពីធម្មជាតិគឺពីបឹង អូរ ស្ទឺងច្រើនដែរ។

 

សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុក ពិសេសមេឃុំ ចៅសង្កាត់ និងសមាជិកគាំទ្រគំនិតនេះ ហើយប្រញាប់ពិនិត្យនិងសិក្សា រួចបញ្ចូលការស្នើក្នុងផែនការអភិវឌ្ឍន៍ខ្លួនអោយស្របតាមបច្ចប្បន្នភាព និងតម្រូវការប្រជារាស្ត្រគឺសុំប្រព័ន្ធធារាសាស្គ្រទាំងអាងស្តុកទឹក ប្រព័ន្ធប្រឡាយមេ ប្រឡាយរំដោះទឹកប្រឡាយនាំទឹក ដើម្បីជួយលើវិស័យកសិកម្ម ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៥នេះ៕

ដកស្រង់ចេញពីគេហទំព័រCEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់