អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ ពិភាក្សា​ពី​ការ​លើក​កម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​​ក្រោម​ជាតិ​

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖ ដើម្បីពិភាក្សាពីការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យ…

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖ ដើម្បីពិភាក្សាពីការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលមូឌែន២ ស្ថិតនៅសង្កាត់ ចាក់អង្រែក្រោម ។

វេទិកានេះ បានផ្តោតលើគោលការណ៍សំខាន់ៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបរិស្ថាន ជាដើម។

នៅក្នុងឱកាសនេះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានថ្លែងថា វេទិកានាថ្ងៃនេះ គឺចាត់ទុកជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ផ្តល់ជូនប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការអភិបាលកិច្ច នៃក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងអាណត្តិទី១ កន្លងមក ក្រុមប្រឹក្សារាជធានី បានរៀបចំវេទិកានេះម្តងរួចមកហើយ នៅតាមខណ្ឌនានា នៅក្នុងរាជធានីភ្នំពេញ។

លោកប្រធានក្រុមប្រឹក្សារាជធានី បានបន្តថា រាល់សំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងកន្លងមក គឺបានដាក់ជូនក្រុមប្រឹក្សារាជធានី  ហើយក្រុមប្រឹក្សារាជធានីបានចាត់ឲ្យគណៈអភិបាលរាជធានី ធ្វើការដោះស្រាយជាបន្តបន្ទាប់ ហើយសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍន៍របស់រាជធានី ខណ្ឌនោះ ក្រុមប្រឹក្សាបានចាត់ឲ្យមន្ទីរជំនាញពាក់ព័ន្ធដាក់បញ្ចូលក្នុងគម្រោងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខណ្ឌ ហើយដោះស្រាយជាបន្តបន្ទាប់ និងបង្ហាញជូន នាពេលនេះ។

លោក ម៉ប់ សារិន បានមានប្រសាសន៍បន្ថែមទៀតថា គោលបំណងនៃវេទិកានេះ នឹងបង្កើតឲ្យបាន នូវវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ រៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ តាមរយៈការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនានា។ ផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ ពីការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ពេលខាងមុខ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា ព្រមទាំងទទួលយកសំណូមពរ និងអនុសាសន៍របស់ប្រជាពលរដ្ឋមកពិភាក្សា និងឆ្លើយតប។

លោកបានបន្តថា “វេទិកានេះ នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការប្រាស័យទាក់ទង ជាមួយរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ តំណាងសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរ និងផ្តល់ប្រឹក្សា យោបល់អំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយចីរភាព និងប្រសិទ្ធភាព”។

លោកប្រធានក្រុមប្រឹក្សា បានស្នើឲ្យប្រជាពលរដ្ឋ លើកឡើងពីបញ្ហា ក៏ដូចជាផ្តល់អនុសាសន៍ ក្នុងការកែលម្អ សំណូមពរ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានក្នុងរាជធានីភ្នំពេញឲ្យបានផុលផុស ព្រោះក្រុមប្រឹក្សាទាំងអស់មានបំណងផ្តល់សេវាសាធារណៈ ដោយរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ឲ្យកាន់តែល្អប្រសើរឡើង។

លោកបានបញ្ជាក់ថា “ចៅហ្វាយ មានតួនាទីបំរើរាស្ត្រ ប៉ុន្តែសព្វថ្ងៃនេះ ចៅហ្វាយមួយចំនួនបានយកតួនាទីនេះ ទៅធ្វើជាចៅហ្វាយក៏មាន ដូច្នេះយើងត្រូវធ្វើកំណែទម្រង់រឿងនេះ”។

ក្នុងវេទិកានោះ ប្រជាពលរដ្ឋ បានឡើងសំណូមពរដល់គណៈអធិបតី ដើម្បីឲ្យជួយដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាកុងទ័រភ្លើង បញ្ហារថយន្តដឹកខ្សាច់ បញ្ហាចោរកម្ម ចោរប្លន់ គ្រឿងញៀន សំរាម ផ្លូវតូចចង្អៀត ផ្លូវខូតខាតធ្ងន់ធ្ងរ ជាពិសេស សេវាសាធារណៈផ្សេង នៅភូមិ សង្កាត់ ខណ្ឌ ជាដើម។

ក្នុងពេលនោះដែរ លោកចៅសង្កាត់រងមួយរូបក៏បានសំណូមទៅគណៈអធិបតី ឲ្យចាត់ការទៅមន្ត្រីថ្នាក់ក្រោម ជាពិសេសឲ្យគោរពនូវតួនាទីចៅសង្កាត់ ចៅសង្កាត់រង និងស្មៀន ឲ្យបានត្រឹមត្រូវ តាមឋានានុក្រម គឺកុំឲ្យមានការរំលោភតួនាទី។ ចៅសង្កាត់ក៏បានបន្តថា នៅកន្លែងខ្ញុំធ្វើការអត់មានដាក់ម៉ាស៊ីនត្រជាក់ទេ ប៉ុន្តែបន្ទប់ចៅសង្កាត់ និងស្មៀន មានម៉ាស៊ីនត្រជាក់ ចំណែកនគរបាល នៅក្នុងសង្កាត់ក៏មិនត្រូវគ្នាដែរ។ លោកថា បញ្ហាឡានដឹកខ្សាច់ សូមអាជ្ញាធរជួយដោះស្រាយ ឡានដាក់ខ្សាច់ឡើងដូចផ្នូរខ្មោច មិនបានគ្រប ហើយហុយ និងហូរទឹកពេញថ្នល់ ចំណែកខ្សែភ្លើងធ្លាក់ចុះក្រោម ដើរទាក់ប្រជាពលរដ្ឋ សូមសំណូមពរដល់អជ្ញាធរអគ្គីសនីពិនិត្យមើលផង។

ជាការឆ្លើយតបនឹងសំណូមពរ និងសំណើនេះ គណៈអធិបតី លោកប្រធានក្រុមប្រឹក្សា ទទួលយក ទោះបីសំណើនេះ មានភាពប្រៃល្វីងចត់ជូរយ៉ាងណា ក៏ក្រុមប្រឹក្សារាជធានីនឹងយកទៅពិចារណា កសាងផែនការអភិវឌ្ឍន៍ ឬក៏បច្ចុប្បន្នភាព ផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិល របស់សាលារាជធានីដើម្បីឆ្លើយតប៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់