ខេត្តសៀមរាប៖ ក្រុមការងារថ្នាក់ជាតិអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សមាសភាគទី៤ ឆ្នាំ២០១៧» ក្រោមអធិបតីភាពរបស់ ឯកឧត្តម នី គឹមសាន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងកម្មវីធី ASPIRE សមាសភាគ៤ ដែលប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
សិក្ខាសាលានេះ មានការចូលរួមពីក្រុមការងារថ្នាក់ខេត្តគោលដៅទាំង៨ ក្រុមការងារថ្នាក់ស្រុកគោលដៅទាំង២៤ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍នានា ក្រុមប្រឹក្សាឃុំ និងកសិករ សរុបប្រមាណជា ១១០នាក់។
គោលបំណងសំខាន់នៃសិក្ខាសាលាឆ្លុះបញ្ចាំងនេះ គឺធ្វើឡើងដើម្បីបង្ហាញពីលទ្ធផលការងារ និងចែករំលែកនូវមេរៀនបទពិសោធន៍ក្នុងដំណើរការអនុវត្តកម្មវីធី ASPIRE សមាសភាគទី៤ ក្នុងឆ្នាំ២០១៧ ដល់ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាឃុំ និងកសិករ។
ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម នី គឹមសាន មានប្រសាសន៍ថា ឯកឧត្តមជឿជាក់ថា សិក្ខាសាលានេះ នឹងជួយតម្រង់ទិសក្នុងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់គាំទ្រអនុវត្តកម្មវិធីក្នុងឆ្នាំ២០១៨ ដែលមានថវិកាវិនិយោគប្រមាណ ១លានដុល្លារជាង ដែលនឹងត្រូវពង្រីកស្រុកគោលដៅដល់ចំនួន ២៤ស្រុក និងក្នុងខេត្តចំនួន ៨ខេត្ត។
ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ កម្មវិធី ASPIRE សមាសភាគទី៤ បានធ្វើការគាំទ្រនូវថវិកាវិនិយោគចំនួនសរុប ៨សែនដុល្លារអាមេរិក ដល់ស្រុកគោលដៅចំនួន ១៦ នៃខេត្តគោលដៅចំនួន ៥ ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មចំនួន ៨៦គម្រោង នៅក្នុងគោលដៅចំនួន ៨៣ឃុំ។