ការ​ទប់ស្កាត់​អំពើពុករលួយ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ធនធាន​ត្រូវ​បាន​ឆ្លើយ​តប

ភ្នំពេញ ៣០ ឧសភា ២០១៥៖ ឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងថា វិធានការទប់ស្កាត់ អំពើពុករលួយ និងការកេងប្រវ័ញ្ចភាពមិនប្រក្រតី ធ្វើឲ្យធនធាន ដែលបានប្រើប្រាស់ទៅត្រូវបានឆ្លើយតប…

 

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប

 

ភ្នំពេញ ៣០ ឧសភា ២០១៥៖ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងថា វិធានការទប់ស្កាត់អំពើពុករលួយ និងការកេងប្រវ័ញ្ចភាពមិនប្រក្រតី ធ្វើឲ្យធនធានដែលបានប្រើប្រាស់ទៅត្រូវបានឆ្លើយតប។ ហើយប្រជាពលរដ្ឋទទួលបាននូវគុណប្រយោជន៍ពីគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបទៅដោយប្រសិទ្ធភាព ហើយធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរ។

ឯកឧត្តមថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់អង្គការក្រៅរដ្ឋាភិបាល ដែលរៀបចំដោយស្ថានទូតស៊ុយអែត និងអង្គការតម្លាភាពកម្ពុជា កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលការណ៍៨ចំណុច ដែលក្នុងនោះមានតម្លាភាព សុចរិតភាព និងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចផងដែរ។

ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍ថា៖ «ចំណុចនេះគឺកៀកទៅនឹងអ្វីដែលយើងចង់បាន ដែលនឹងធានានូវយន្តការមួយដែលធនធានដែលបានវិនិយោគទៅត្រូវបានបើកចំហនូវព័ត៌មានដែលមានភាពជាក់លាក់។ រាល់ការទទួល និងផ្តល់សេវាមានសុចរិតភាពសម្រាប់ទាំងប្រជាពលរដ្ឋ និងអង្គផ្តល់សេវា»។

ឯកឧត្តម លើកឡើងថា  វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច មានសារសំខាន់ណាស់។ [លេខាធិការដ្ឋាន គ.ជ.អ.ប] ដែលជាអ្នកចូលរួមសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ គឺដើម្បីគិតគូរអំពីវិធានការប្រឆាំង ទប់ស្កាត់អំពើពុករលួយ ការកេងប្រវ័ញ្ច និងការរំលោភអំណាច នៅថ្នាក់រដ្ឋបាលនីមួយៗនូវមុខងារជាន់គ្នា។ល។

អង្គការតម្លាភាពកម្ពុជាកំពុងសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីបង្កើតសាលាអភិបាលកិច្ច ដើម្បីធានានូវអ្វីដែលអ្នកពាក់ព័ន្ធកំពុងព្រួយបារម្ភទាក់ទងនឹងភាពមិនប្រក្រតីនានា។

ឯកឧត្តម ជាម ប៉េអា ជឿជាក់ថា៖ «ការប្រឆាំង ការទប់ស្កាត់ ។ល។ បើយើងមិនផ្តល់បច្ចេកទេស សមត្ថភាព ទៅឲ្យអ្នកអនុវត្តទេ ទោះយើងដាក់វិធានការប៉ុន្មាន ក៏យើងមិនអាចទប់បានដែរ»។ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់