បើកការដ្ឋានសាងសង់ផ្លូវលំឃុំអង្គរជ័យ ខេត្តកំពត

កំពត ១៤ មករា ២០១៥៖ ផ្លូវលំ ស្ថិតក្នុងភូមិឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបាន បើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក កឹម បូណា អភិបាលស្រុក អង្គរជ័យ លោក ប៉ា ម៉ុន មេឃុំអង្គរជ័យ និងមានការចូលរួម ពីមន្ត្រីបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ មន្ត្រីបច្ចេកទេស សម្របសម្រួលឃុំ ប្រជាពលរដ្ឋ សរុបប្រមាណ១០០ (ស្រី៦៥នាក់)។

កំពត ១៤ មករា ២០១៥៖ ផ្លូវលំ ស្ថិតក្នុងភូមិឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបាន បើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក កឹម បូណា អភិបាលស្រុក អង្គរជ័យ លោក ប៉ា ម៉ុន មេឃុំអង្គរជ័យ និងមានការចូលរួម ពីមន្ត្រីបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ មន្ត្រីបច្ចេកទេស សម្របសម្រួលឃុំ ប្រជាពលរដ្ឋ សរុបប្រមាណ១០០ (ស្រី៦៥នាក់)។

លោក ប៉ា ម៉ុន មេឃុំអង្គរជ័យ បានបង្ហាញ អំពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ជាច្រើន ដែលបានកសាងឡើង ក្នុងអាណត្តិក្រុមប្រឹក្សាឃុំ ទាំងអាណត្តិទី១ និងអាណត្តិទី២ ក៏ដូចជាក្នុងអាណត្តិទី៣នេះដែរ។ ជាក់ស្តែង ពេលនេះ ឃុំមានសមិទ្ធផលថ្មីមួយទៀតដែលកំពុងបើកការដ្ឋានគឺផ្លូវលំ តាមរយៈគម្រោងមូលនិធិឃុំឆ្នាំ២០១៤ ប្រវែង៦.៩០គីឡូម៉ែត្រ ទទឹង៤.៥ ម៉ែត្រ និងសំណង់លូរភ្លោះមួយកន្លែង ដែលតភ្ជាប់ផ្លូវលំមូលនិធិឃុំឆ្នាំ២០១២។ គម្រោងនេះកើតឡើងតាមសំណើ ឬសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើនក្នុងឃុំ ដែលបានស្នើឡើងក្នុងកម្មវិធីវិយោគឃុំប្រចាំឆ្នាំ។

លោក កឹម បូណា អភិបាលស្រុកអង្គរជ័យ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានកោតសរសើរដល់អាជ្ញាធរឃុំ ដែលបានបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អ និងបានកសាងនូវសមិទ្ធផលនានាជាច្រើនតាមតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យឃុំអង្គរជ័យ ដ៏ដូចជាស្រុកអង្គរជ័យ ទាំងមូលមានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងរីកចំរើនគ្រប់វិស័យ ដូចជាមានផ្លូវជាតិឆ្លងកាត់ស្រុក ផ្លូវលំខ្វែងខ្វាត់ មានបណ្តាញអគ្គិសនីស្ទើរគ្រប់ភូមិ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីកំណែទំរង់ស៊ីជំរៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ គ្រប់ក្រសួង ស្ថាប័ន មន្ទីរវិស័យ បានបំពេញការងារតាមជំនាញរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះផងដែរ លោកអភិបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមចំណែកកែលំអជីវភាពរស់នៅ និងអភិវឌ្ឍភូមិ ឃុំរបស់ខ្លួន តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសជួយអប់រំ ណែនាំដល់កូនចៅជាក្មេងទំនើងក្នុងភូមិឱ្យចូលសាលារៀន និងខិតខំរៀនសូត្រប្រលងជាប់ និងក្លាយជាកុមារល្អ និងជាយុវជនទំពាំងស្នងឬស្សី សម្រាប់អនាគតដើម្បីអភិវឌ្ឍប្រទេសជាតិ ។

រាជរដ្ឋាភិបាលបានបង្ខិតការផ្តល់សេវារដ្ឋបាលដល់មូលដ្ឋាន និងមានតារាងតម្លៃសេវាច្បាស់លាស់ បិទបង្ហាញនៅសាលាឃុំ និងសាលាស្រុក។ លោកអភិបាលស្រុក ជំរុញអោយរដ្ឋបាលឃុំ និងប្រជាពលរដ្ឋចូលរួមអនុវត្តប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ដោយៈ យ៉ង់ សុផល ទីប្រឹក្សាស្រុកអង្គរជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់