ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអណ្តូងមាស ខេត្តរតនគិរី អាណត្តិទី២

អណ្តូងមាស-រតនគិរី ២៣ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកអណ្តូងមាស អាណត្តិទី២ ខេត្តរតនគិរី បានប្រព្រឹត្តទៅ នៅសាលាស្រុកអណ្តូងមាស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង…


អណ្តូងមាស-រតនគិរី ២៣ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអណ្តូងមាស អាណត្តិទី២ ខេត្តរតនគិរី បានប្រព្រឹត្តទៅ នៅសាលាស្រុកអណ្តូងមាស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង៨:00ព្រឹក ក្រោមអធិបតីភាព លោក យឹម ផែន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។

ពិធីនេះមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងមន្រ្តីសាលាខេត្ត សមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទៅ២ គណៈអភិបាលស្រុក មន្រ្តីការិយាល័យចំណុះសាលាស្រុក ប្រធាន អនុប្រធានការិយាល័យជំនាញថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន សរុបចំនួន៥៦ នាក់ (ស្រ្តី ៩នាក់)។

លោក នង ដាឬទ្ធិ អភិបាល នៃគណៈអភិបាលស្រុកអណ្តូងមាស បានមានមតិស្វាគមន៍ និង បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងអាណត្តទី១របស់ក្រុមប្រឹក្សាស្រុក ដោយផ្តោតលើកិច្ចប្រជុំក្រុមប្រឹក្សា ការចេញសេចក្តីសម្រេច ការចេញដីកា ការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍ សន្តិសុខសាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

បន្ទាប់មក លោក ម៉ឹង ស៊ីនាថ នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យលេខ ៧៥៥ អ.ន.ក្រ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំងប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកអណ្តូងមាសអាណត្តិទី២  ដោយមាន លោក រម៉ាម ពុញ ជាប្រធានក្រុមប្រឹក្សាស្រុកអាណត្តិទី២ និងសមាជិកក្រុមប្រឹក្សាស្រុកចំនួន៦រូបទៀត ។

លោក រម៉ាម ពុញ  ប្រធានក្រុមប្រឹក្សាស្រុកដែលទើបប្រកាសតែងតាំង (ជាជនជាតិដើមភាគតិច) បានឡើងមានចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត៖

  1. ប្រើប្រាស់ឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញមុខងារកាតព្វកិច្ចឲ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួន ឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល
  2. បន្តលើកកម្ពស់ទំនាក់ទំនងល្អជាមួយគណៈអភិបាល គណនេយ្យភាពចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
  3. បន្តជម្រុញលើកកម្ពស់ការអនុវត្ត ការគ្រប់គ្រង និងការប្រើប្រាស់ធនធានឲ្យបានត្រឹមត្រូវតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
  4. បន្តលើកកម្ពស់ស្មារតីកៀរគរធនធាន បង្កើនប្រភពចំណូលផ្ទាល់បន្ថែម និងទទួលខុសត្រូវគ្រប់គ្រង ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសុច្ចរិតភាព។
  5. ជំរុញលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
  6. ជំរុញលើកកម្ពស់ការទំនាក់ទំនងល្អ និងគាំទ្រមូលដ្ឋាន ពិសេសរដ្ឋបាលឃុំ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

លោក យឹម ផែន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី បានមានមតិសំណេះសំណាល និងផ្តល់ជាទស្សនៈទានមួយចំនួនជុំវិញការងារអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេស ផ្តើមចេញពីការរៀបចំឲ្យមានការបោះឆ្នោតក្រោយកិច្ចព្រមព្រៀងទីក្រុងបារីសរហូតដល់បច្ចុប្បន្ន  និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការជាមូលដ្ឋាន។

លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្រុកទាំងអស់ ត្រូវបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការគ្រប់គ្រងស្ថានការណ៍ក្នុងរដ្ឋបាលរបស់ខ្លួន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការរៀបចំសោភ័ណ្ឌភាពក្នុងទីរួមស្រុកឲ្យមានរបៀបរៀបរយ ជាពិសេស បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុកអាណត្តិថ្មី ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតគតិយុត្ត និងគោលការណ៍ណែនាំនានា។ ជាបន្ទាន់គឺ ត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនឲ្យស្របទៅនឹងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ១៦២៣ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពី “កិច្ចប្រជុំចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ”។

ទន្ទឹមនេះ ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកត្រូវ៖

  1. បន្តការលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងប្រជាពលរដ្ឋ។
  2. បន្តការអនុវត្តមុខងារ និងតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងសមស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលបានកំណត់ ដែលជាចំណុចស្នូលដ៏សំខាន់ និងជាកត្តាកំណត់ភាពជោគជ័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
  3. រាជរដ្ឋាភិបាលបាន និងកំពុងបន្តបង្កើនធនធានថវិកាជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូច្នេះរដ្ឋបាលស្រុកត្រូវតែពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ចំពោះការគ្រប់គ្រង និងការប្រើប្រាស់ធនធានរបស់ខ្លួន ប្រកបដោយតម្លាភាព និងសុចរឹតភាព និងប្រសិទ្ធភាព។
  4. បន្តលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ និងចូលរួមចំណែកការកាត់បន្ថយភាពក្រីក្រ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់