អន្សម​យក្ស​ខ្មែរ​បំបែក​កំណត់ត្រា​ពិភពលោក (RFI)

សៀមរាប ១៧ មេសា ២០១៥៖ នៅថ្ងៃទី១៣ ខែមេសានេះ នំអន្សមយក្សខ្មែរបានបំបែកកំណត់ត្រាពិភពលោក Guinness World។ គឺជាមោទនភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រូវគណៈកម្មាធិការឯតទគ្គកម្មពិភពលោក កត់ត្រាចុះក្នុងបញ្ជី។ បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់ទាំងលើផ្នែកបច្ចេកទេស រសជាតិ និងពិសេសគឺ ទម្ងន់ គណៈកម្មាធិការ Guinness World បានសម្រេចផ្តល់ប័ណ្ណដល់កម្ពុជា ដែលបញ្ជាក់ថា អន្សមយក្សខ្មែរបំបែកកំណត់ត្រាពិភពលោក។

ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលអាចឈានដល់សម្រេចបានការបំបែកឯតទគ្គកម្មពិភពលោក តាមរយៈនំអន្សមដ៏ធំមិនធ្លាប់មាននៅលើលោក។ តាំងពីថ្ងៃទី១២ ខែមេសា អ្នកស្រី Seyda Subasi Gemici ជាជនជាតិអាល្លឺម៉ង ដែលតំណាងឲ្យក្រុមការងារ Guinness World Records បានមកអញ្ជើញទៅដល់ខេត្តសៀមរាបដោយផ្ទាល់ដើម្បីពិនិត្យនំអន្សមយក្សរបស់ខ្មែរ។

អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្គ្រាន្ត លោក សោម រតនា បានប្រាប់វិទ្យុបារាំងថា គណៈកម្មាធិការឯតទគ្គកម្មពិភពលោក បានពិនិត្យវិនិច្ឆ័យយ៉ាងហ្មត់ចត់ ទៅលើបច្ចេកទេសចម្អិន រសជាតិ និងជាពិសេសគឺទម្ងន់របស់អន្សមតែម្តង។

គួរបញ្ជាក់ថា អន្សមនេះ មានទម្ងន់ ៣២០០គីឡូក្រាមពេលនៅឆៅ ហើយពេលចម្អិនរួច គឺមានទម្ងន់រហូតដល់ទៅ៤តោនឯណោះ។ ដើម្បីអាចចម្អិនអន្សមនេះឲ្យឆ្អិតបាន គេត្រូវប្រើពេលចម្អិនជិត៥០ម៉ោង។ នំអន្សមយក្សនេះ មានកម្ពស់មួយម៉ែត្រ និងមានប្រវែងរហូតទៅដល់ប្រាំម៉ែត្រ។ យោងតាមសមាគមចុងភៅកម្ពុជាក្នុងការវេចខ្ចប់និងចម្អិនអន្សមយក្សនេះ គេត្រូវការក្រុមមេចុងភៅ និងកូនកាំបិតចំនួន១០០នាក់ ហើយនំអន្សមដ៏ធំមិនធ្លាប់មាននេះ គឺជាស្នាដៃរបស់ចុងភៅខ្មែរ និងកូនខ្មែរពិតៗ។

លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្គ្រាន្ត បានថ្លែងដោយរំភើបថា នេះគឺជាមោទនភាពជាតិខ្មែរ ហើយនេះគឺបង្ហាញពីអត្តសញ្ញាណខ្មែរកាន់តែច្បាស់ទៅកាន់ពិភពលោក។

សូមរម្លឹកជូនថា កម្ពុជាធ្លាប់ជាប់កំណត់ត្រាពិភពលោក ចំនួនបួនដងមកហើយ។ កាលពីឆ្នាំ២០១២ គឺការរាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមជិត១ ០០០ នាក់។ កំណត់ត្រាមួយទៀត គឺកម្ពុជាមានអណ្តើកទឹកសាបដ៏ធំជាងនៅទន្លេមេគង្គ។ ភាសាខ្មែរជាភាសាដែលមានអក្សរច្រើនជាងគេ និងកំណត់ត្រាមួយទៀត គឺ អ្នកនយោបាយដែលកាន់ការក្នុងតំណែងផ្សេងៗច្រើនប្រភេទជាងគេក្នុងលោក ដែលកំណត់ត្រានេះ ថ្វាយដល់ព្រះបាទ នរោត្តម សីហនុ។

នៅឆ្នាំ២០១៥នេះ គ្រប់គ្នាក៏កំពុងសម្លឹងមើលកំណត់ត្រាមួយបន្ថែមទៀត គឺការរាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នករាំចំនួន២០១៥នាក់ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត នៅខេត្តសៀមរាប៕

អត្ថបទដកស្រង់ចេញពីគេហទំព័រវិទ្យុបារាំងRFI

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់