រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីពិភាក្សារកវិធានការដោះស្រាយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានប្រមាណ៣០រូប មកពី ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP) និងអង្គការចលនាដើម្បីសុខភាពកម្ពុជាជាដើម។
ថ្លែងបើកកិច្ចប្រជុំនេះ ឯកឧត្តម សក់ សេដ្ឋា បានមានចំណាប់អារម្មណ៍ស្វាគមន៍តំណាងក្រសួង ស្ថាប័ន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធដែលបានចូលរួម ហើយឯកឧត្តមបានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមនានាក្នុងការរកដំណោះស្រាយការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ផ្ទាំងពាណិជ្ជកម្ម បណ្តាញសង្គម និងទីសាធារណៈនានា។ ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងពីវិធានការដោះស្រាយតាមបណ្តាប្រទេសមួយចំនួនក្នុងនោះ រួមមាន ប្រទេសសិង្ហបុរី ថៃ និងអាមេរិកជាដើម។ ដើម្បីដោះស្រាយការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ឯកឧត្តមបានលើកឡើងពីវិធានការ ៣ចំណុច រួមមាន វិធានអប់រំ វិធានរដ្ឋបាល និងវិធានការច្បាប់ឱ្យបានច្បាស់លាស់។
ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្តវិធាននានា ដើម្បីកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងសង្គម។
កិច្ចប្រជុំនេះបានបង្ហាញអំពី ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងករណីសិក្សា និងពិភាក្សាការរិះរកវិធានការដោះស្រាយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងផ្ទាំងពាណិជ្ជកម្មផ្សេងៗ។