ADB កត់​សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា

ភ្នំពេញ ៦ តុលា ២០១៦៖ លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា មានស្ថិតិជាច្រើនដែលបង្ហាញពីការធ្វើដំណើរវែងឆ្ងាយរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ហើយស្ថិតិដែលមានអានុភាពជាងគេ គឺការថយចុះនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ភ្នំពេញ ៦ តុលា ២០១៦៖ លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា មានស្ថិតិជាច្រើនដែលបង្ហាញពីការធ្វើដំណើរវែងឆ្ងាយរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ ចុងក្រោយនេះ ហើយស្ថិតិដែលមានអានុភាពជាងគេ គឺការថយចុះនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

ក្នុងពីធីអបអរសាទរខួបឆ្នាំទី៥០នៃការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ីស្ដីពីវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នា២០១៦ នៅ សណ្ឋាគារសូហ្វីតែលភូគីត្រារាជធានីភ្នំពេញ ដែលមានការចូលរួមរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនទៀតនោះ លោក នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាថ្លែងថា ក្នុងឆ្នាំ១៩៩២មានប្រជាជន ជាងពាក់កណ្ដាល រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ក្នុងឆ្នាំ២០១៤ ភាគរយនេះបានថយចុះក្រោម១៥ភាគរយ។  ផលិតផលសរុបក្នុងស្រុករបស់ប្រទេសកម្ពុជាបានកើនឡើងពី៣ពាន់លានដុល្លារ ក្នុងឆ្នាំ១៩៩៣ ដល់ប្រមាណ១៨ពាន់ លានដុល្លារ ក្នុងឆ្នាំ២០១៥។

 

ក្នុងរយៈពេលដូចគ្នានេះ ចំណូលក្នុងប្រជាជនម្នាក់បានកើនឡើងពី ២២៩ដុល្លារ ដល់ ១២១៦ដុល្លារ។ ក្នុង ខែកក្កដា ឆ្នាំនេះ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប។ លោកសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសេដ្ឋកិច្ច និងសង្គមដ៏ធំធេងនេះ។

 

ប្រទេសកម្ពុជា បានក្លាយជាសមាជិករបស់ ADB ចាប់តាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ ក្នុងឆ្នាំ១៩៩១ នៅពេលដែល ធ្វើដំណើរមកកាន់ប្រទេសនេះនៅជួបការលំបាកនៅឡើយ ក្រោយចប់សង្គ្រាមស៊ីវិល ADB គឺជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័នអភិវឌ្ឍន៍ដំបូងៗ ដែលបានបញ្ជូនក្រុមការងាររបស់ខ្លួនមកវាយតម្លៃតម្រូវការ ប្រទេសនេះ ហើយក្នុងឆ្នាំ១៩៩៦ ADB បានក្លាយជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមុនគេដែល មកដាក់ការិយាល័យក្នុងប្រទេសកម្ពុជា។

 

ចាប់តាំងពីឆ្នាំ១៩៩៦មក ADB បានផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជាគិតជាទឹកប្រាក់ ចំនួន ២,៦៥ពាន់លានដុល្លារ ក្នុងទម្រង់ជាកម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេស ដោយរួមបញ្ចូលសហហិរញ្ញប្បទានជំនួយ ឥតសំណង និងជំនួយបច្ចេកទេស ដែលផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសិកម្ម អភិវឌ្ឍន៍ជនបទ និងការអភិវឌ្ឍធនធានមនុស្ស។

 

លោក Samiueia Tukuafu បានបញ្ជាក់ថា ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន័អាស៊ី និងប្រទេសកម្ពុជា បានរួម ចំណែកធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ។ យើងរំពឹងថា នឹងបន្តកសាងភាពជាដៃ គូប្រកបដោយផ្លែផ្កានេះ បន្ថែមទៀត ក្នុងរយៈពេល៥០ឆ្នាំខាងមុខ និងជាបន្តបន្ទាប់ទៀត។

 

ព្រឹត្តិការណ៍នៅថ្ងៃនេះ នឹងផ្ដល់កាលានុវត្តភាពឱ្យយើងធ្វើការឆ្លុះបញ្ចាំងពីដំណើរផ្លូវដ៏វែងឆ្ងាយរបស់យើង និងការត្រៀមខ្លួនរបស់យើង សម្រាប់បញ្ហាប្រឈម និងកាលានុវត្តភាពនាពេលអនាគត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់