ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ជំនួយនិងកម្ចី ៩៩ លានដុល្លារ(ភ្នំពេញប៉ុស្តិ៍)

ភ្នំពេញ ២៨ តុលា ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីម្សិលមិញ បានផ្តល់ជំនួយឥត សំណង និងប្រាក់កម្ចីសរុបចំនួន ៩៩ លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៣ គឺលើការកែលម្អផ្លូវជនបទ នៃកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងគម្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍។

ភ្នំពេញ ២៨ តុលា ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីម្សិលមិញ បានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសរុបចំនួន ៩៩ លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៣ គឺលើការកែលម្អផ្លូវជនបទ នៃកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងគម្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍។

សេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ក្នុងជំនួយ ៩៩ លានដុល្លារនេះ កញ្ចប់ថវិកាហិរញ្ញ ប្បទាន ៦៦ លានដុល្លារ គឺជាផ្នែកមួយនៃហិរញ្ញប្បទានសរុប ១១៨ លានដុល្លារ ដែលនឹងប្រើសម្រាប់គម្រោងកែលម្អផ្លូវជនបទដំណាក់កាល ទី២។
ក្នុងហិរញ្ញប្បទាន ៦៦ លានដុល្លារនេះ គឺ ៥៤ លានដុល្លារ ជាកម្ចីពីធនាគារ ADB ៦,៦៧ លានដុល្លារជាជំនួយឥតសំណង ពីរដ្ឋាភិបាលអូស្ត្រាលី និង ៥,៤ លានដុល្លារទៀត ជាជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងកើត។ ក្នុងចំណោមទឹកប្រាក់ ៩៩ លានដុល្លារនោះដែរ ទឹកប្រាក់ ៣០ លានដុល្លារ គឺជាប្រាក់កម្ចីសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងបង្កើនលទ្ធភាពអាចរក ការងារធ្វើបានរបស់ពលករ ដែលមានវិញ្ញាបនបត្របញ្ជាក់ស្របតាមច្បាប់។ ចំណែក ២,៥ លានដុល្លារផ្សេងទៀតជាជំនួយឥតសំណងពីមូលនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ តាមរយៈការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយនៅតាមសហគមន៍។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះបន្តថា គម្រោងកែលម្អផ្លូវជនបទដំណាក់កាល ទី២ នេះ នឹងក្រាលកៅស៊ូផ្លូវជនបទប្រវែង ៧២៩ គីឡូម៉ែត្រក្នុងខេត្តចំនួន ៩ ដែលមានអត្រាភាពក្រីក្រខ្ពស់ក្នុង ប្រទេសកម្ពុជារួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ សៀមរាប និងតាកែវ។ គម្រោងនេះក៏នឹងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវជនបទនិង កម្មវិធីគ្រប់គ្រងការដឹកលើស ទម្ងន់ផងដែរ ដែលរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅជនបទប្រមាណ ៨០ ម៉ឺននាក់។

អ្នកសម្របសម្រួលការងារទំនាក់ទំនងនៃនិវាសនដ្ឋានបេសកកម្មរបស់ ធនាគារ ADB អ្នកនាង រស់ សុធា បានឲ្យដឹងថា គម្រោងកែលម្អផ្លូវជនបទ ដំណាក់កាល ទី២ នេះ នឹងត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ ពី ឆ្នាំ២០១៤ ដល់ ២០២០ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ពី ឆ្នាំ២០១៤ ដល់ ២០១៩ ចំណែកគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់សហគមន៍នឹងត្រូវ អនុវត្តរយៈពេល ៣ ឆ្នាំពី ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៧។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ នាយក ADB ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ «គំនិតផ្តួចផ្តើមទាំងនេះ នឹងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈការកសាងនូវបណ្តាញផ្លូវដែលធន់ទៅនឹងអាកាសធាតុ និងមានប្រសិទ្ធភាព ព្រមទាំងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងផែនការគ្រប់គ្រងគ្រោះមហន្តរាយ ធម្មជាតិ ដែលនឹងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយនៅក្នុង ប្រទេសកម្ពុជា»៕

ដកស្រង់ចេញពីគេហទំព័រភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់