ADBគ្រោង​នឹង​ផ្ដល់​ហិរញ្ញប្បទាន​៦៤៥​លានដុល្លារ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៥-២០១៧

ភ្នំពេញ ១១ មីនា ២០១៥៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងផ្តល់ហិរញ្ញប្បទានសរុបចំនួនប្រមាណ ៦៤៥ លានដុល្លារអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការឆ្នាំ២០១៥-២០១៧…

ភ្នំពេញ ១១ មីនា ២០១៥៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងផ្តល់ហិរញ្ញប្បទានសរុបចំនួនប្រមាណ ៦៤៥ លានដុល្លារអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការឆ្នាំ២០១៥-២០១៧ ដែលក្នុងនោះមានហិរញ្ញប្បទានឥណទានសម្បទានពី ADB ចំនួន៥៣៥លានដុល្លារអាម៉េរិក ដែលហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសក្នុងទឹកប្រាក់សរុបចំនួន១២,២៤លានដុល្លារសហរដ្ឋអាមេរិក និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលផ្តល់តាមរយៈ ADB មានចំនួនប្រមាណ១១០លានដុល្លារអាមេរិក ។

 

យោងតាមសេចក្តីប្រកាសព័ត៌មាននៃជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម Takehiko Nakao ប្រធាន ADB កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង។

 

នៅក្នុងជំនួបនោះដែរឯកឧត្តម Takehiko Nakao បានស្វាគមន៍ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ពិសេសស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ច ដែលសម្រេចបានកំណើនជុំវិញ៧% ក្នុងឆ្នាំ២០១៤ កន្លងមក និងព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចរក្សាបានកំណើនប្រមាណ៧% នៅឆ្នាំ២០១៥ ។ ឯក ឧត្តម Takehiko Nakao ក៏បានវាយតម្លៃខ្ពស់លើចក្ខុវិស័យអនាគតកម្ពុជា ដែល មានលក្ខណៈជាវិជ្ជមានបន្តទៀត គឺមានន័យថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា មានកំណើនប្រមាណ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យម ។ 

 

កំណើនសេដ្ឋកិច្ច នេះនឹងធ្វើឱ្យចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា កើនឡើងពី១.០៤២ដុល្លារ អាមេរិកនៅក្នុងឆ្នាំ២០១៣ រហូតដល់ ១.១២១ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៤ ។ ចំពោះអត្រានៃភាពក្រីក្រវិញ ត្រូវបានធ្លាក់ចុះពី៥៣,២% នៅក្នុងឆ្នាំ២០០៤ ដល់ ប្រមាណ១៨,៨៩% នៅក្នុងឆ្នាំ២០១២ ហើយកម្ពុជាអាចរក្សាអតិផរណាជាមធ្យមប្រចាំឆ្នាំឱ្យស្ថិតក្នុងកម្រិតប្រមាណ៣,៥% ។

 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

 

ឯកឧត្តម និងតំណាង ADBក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៤-២០១៨ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក៏ដូចជាផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីផងដែរ ។ យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០១៤-២០១៨ ផ្អែកលើយុទ្ធសាស្រ្តចំនួន ០៣សំខាន់ៗ ដូចជា៖ ការផ្សារភ្ជាប់ទីក្រុង និងជនបទ ការអភិវឌ្ឍសង្គម និងធនធានមនុស្ស និងការគ្រប់គ្រងវិស័យសាធារណៈ ។

គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Takehiko Nakao នៅ កម្ពុជាពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៥ នៅព្រះរាជាណាចក្រកម្ពុជាគឺ១-សិក្សាស្វែងយល់ពីកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងការរំពឹងទុកក្នុងការគាំទ្រដ៏វិសេសវិសាលរបស់ ADB ស្តីពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ តាមរយៈយុទ្ធសាស្រ្តជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ។ ២-ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ៣-ចុះពិនិត្យមើលលើវឌ្ឍនភាពរបស់គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងលើកកម្ពស់គុណភាពអប់រំដែលហិរញ្ញប្បទានដោយ ADB ៕ដោយ៖ហ៊ុន យុទ្ធគុណ

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់