ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​នៅ​តែ​បន្ត​ មាន​ភាព​រឹងមាំ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ (AKP)

ភ្នំពេញ ៣១ មីនា ២០១៦៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងនៅតែបន្តមានភាពរឹងមាំក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយមានការជំរុញពីវិស័យឧស្សាហកម្ម កាត់ដេរ និងស្បែកជើង សំណង់ និងសេវាកម្ម…

ភ្នំពេញ ៣១ មីនា ២០១៦៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងនៅតែបន្តមានភាពរឹងមាំក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយមានការជំរុញពីវិស័យឧស្សាហកម្ម កាត់ដេរ និងស្បែកជើង សំណង់ និងសេវាកម្ម។

 

តាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី  ដែលមានឈ្មោះថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៦ (ADO) ដែលបានផ្សព្វផ្សាយក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា ផលិតផលសរុបក្នុងប្រទេសត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើង ៧,០ភាគរយក្នុងឆ្នាំ២០១៦ ពោលគឺដូចគ្នានឹងកម្រិតដែលសម្រេចបានក្នុងឆ្នាំ២០១៥  មុននឹងឡើងវិញតិចតួច ក្នុងឆ្នាំ២០១៧។

 

លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ដោយមានកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្មធុនស្រាល និងកាត់ដេរ និងទិសដៅនាំចេញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថានឹងនៅតែរឹងមាំក្នុងរយៈពេល២ឆ្នាំខាងមុខ។

 

លោក Tukuafu បន្តថា “ដើម្បីរក្សានិរន្តភាពនៃកំណើននេះ ប្រទេសកម្ពុជាចាំបាច់ត្រូវបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកឱកាសការងារបន្ថែមទៀត តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ”។ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា មានកំណើន៩,៥ភាគរយ នៅឆ្នាំនេះដោយមានការគាំទ្រពីការបន្តធ្វើពិពិធកម្មផលិតផល ដែល មានតម្លៃបន្ថែមខ្ពស់ជាង ដូចជា ផលិតផលសំលៀកបំពាក់ ស្បែកជើង និងអេឡិចត្រូនិក។ 

 

កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងកើនឡើង៧,៨ភាគរយ។ វិស័យកសិកម្មនឹងកើនឡើង ១,៦ភាគរយ ដោយការសន្មតថាអាកាសធាតុអាចមានភាពអំណោយផលវិញ។ កំណើនវិស័យសំណង់រំពឹងថា នឹងបន្តថមថយមកវិញ បើធៀបនឹងកំណើនខ្ពស់ខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឱនភាពសារពើពន្ធ ដោយមិនរាប់បញ្ចូលជំនួយឥតសំណង ត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់៤,៣ ភាគរយ នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៦។ ឱនភាពគណនីចរន្ត ត្រូវបានព្យាករណ៍ថាមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់ទេក្នុងឆ្នាំ២០១៦ ប៉ុន្តែនឹងធ្លាក់ចុះក្នុងឆ្នាំ២០១៧ ដោយសារតែឱកាសនាំចេញមានលក្ខណៈល្អប្រសើរជាងមុន។ 

 

អតិផរណាឆ្នាំមុននេះ បានថមថយមកនៅត្រឹមអត្រាទាបបំផុតចាប់តាំងពីឆ្នាំ២០០៩មក ប៉ុន្តែបានកើនឡើងតិចតូចវិញនៅចុងឆ្នាំមុន។ ការថយចុះនូវថ្លៃស្បៀងអាហារ និងឥន្ធនៈសកល ត្រូវបានរំពឹងថា នឹងនាំឱ្យអតិផរណាធ្លាក់ចុះ ២,៥ភាគរយ ក្នុងឆ្នាំ ២០១៦ មុននឹងកើនឡើងដល់ ៣,០ភាគរយ ក្នុងឆ្នាំ ២០១៧។

 

ការិយាល័យកណ្ដាលនៅទីក្រុងម៉ានីលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនដែលធានាដល់ចិរភាពបរិស្ថាន និងសមាហរណកម្មតំបន់។ ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារនេះជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេសដែលក្នុងនោះ៤៨ប្រទេសមកពីតំបន់នេះ៕ដោយ៖សេង សុវណ្ណនី

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់