សិក្ខាសាលា​ស្ដីពី​ការ​បន្ស៊ី​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​លើក​កម្ពស់​អនាម័យ​ជនបទ​ (AKP)

ភ្នំពេញ ១២ មិថុនា ២០១៥៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយកម្មវិធីទឹកស្អាតរបស់ធនាគារពិភពលោក (WB) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបន្ស៊ីផែនការសកម្មភាពថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិសម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប…

ភ្នំពេញ ១២ មិថុនា ២០១៥៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយកម្មវិធីទឹកស្អាតរបស់ធនាគារពិភពលោក (WB) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបន្ស៊ីផែនការសកម្មភាពថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិសម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីនាយកដ្ឋានជំនាញទឹកស្អាត និងអនាម័យក្រសួងអភិ វឌ្ឍន៍ជនបទ មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត និងអង្គការដែលធ្វើការពាក់ព័ន្ធនឹងវិស័យទឹកស្អាតនិងអនាម័យសរុបចំនួន៦៥នាក់។

 

លោក ជ្រាយ បុម បានថ្លែងថា នេះជាលើកទី៣ ដែលមានការធ្វើសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិបែបនេះ លើសពីនេះក៏មានការធ្វើសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តបានគ្រប់ទាំង២៥ រាជធានី-ខេត្ត និងកិច្ចប្រជុំលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសច្រើនលើកមកហើយ។ ជាការរំពឹងទុកយើង សង្ឃឹមថាបន្ទាប់ពីសិក្ខាសាលានេះទៅ យើងនឹងអាចឯកភាពគ្នាបញ្ចប់ផែនការសកម្មភាពជាតិនេះ ហើយអាចយកទៅឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យសម្រេចក្នុងពេលឆាប់ៗ។

 

ឯកឧត្ដម ទ្រី ម៉េង បានសម្តែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅទីជនបទ។

 

ឯកឧត្តមបានបន្តថា ផែនការសកម្មភាពជាតិវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០១៨ សំដៅធ្វើយ៉ាងណាឱ្យប្រជាជននៅតាមជនបទ៦០% ទទួលបាននូវសេវាទឹកស្អាត និងអនាម័យ ហើយក៏ជាដំណាក់កាលទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលនៅឆ្នាំ២០២៥ សម្រេចឱ្យបាន ១០០% ប្រកបដោយនិរន្តរភាព។

 

ឯកឧត្ដមបានបន្តទៀតថា ដើម្បីសម្រេចឱ្យបានទិសដៅដែលបានកំណត់ ភាគីពាក់ព័ន្ធទាំងអស់ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ និងឯកភាពធ្វើការឱ្យស៊ីចង្វាក់គ្នា និងសំណូមពរដល់អង្គសិក្ខាសាលាទាំងអស់ ត្រូវពិភាក្សាផ្លាស់ប្តូរយោបល់គ្នាឱ្យបានហ្មត់ចត់ ដើម្បីឱ្យទទួលបាននូវផែនការសកម្មភាពជាតិមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=115955

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់