ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ប្រសើរ​តាមរយៈ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១៩ ធ្នូ ២០១៤៖ ព័ត៌មាន គឺជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយព័ត៌មានដែលរដ្ឋបាលថ្នាក់ក្រោមជាតិចាំបាច់ត្រូវផ្ដល់ជូនប្រជាពលរដ្ឋ រួមមានស្តង់ដារ ថវិកា និងការបំពេញការងារជាដើម។

 

ភ្នំពេញ ១៩ ធ្នូ ២០១៤៖ ព័ត៌មាន គឺជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយព័ត៌មានដែលរដ្ឋបាលថ្នាក់ក្រោមជាតិចាំបាច់ត្រូវផ្ដល់ជូនប្រជាពលរដ្ឋ រួមមានស្តង់ដារ ថវិកា និងការបំពេញការងារជាដើម។ នេះជាកាលើកឡើងរបស់ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីសិទ្ធិទទួលព័ត៌មាន កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍បន្តទៀតថា ផែនការយុទ្ធសាស្ត្រស្ដីពីគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានជួយពង្រឹងសិទ្ធទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋតាមរយៈ (១). ការសម្របសម្រួលឲ្យមានការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋទៅលើសកម្មភាព និងការផ្ដល់សេវាកម្មមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង(២). ការលើកកម្ពស់តម្លាភាព និងភាពងាយទទួលបានព័ត៌មានអំពីស្តង់ដារ ថវិកា និងការបំពេញការងារ។

យន្តការគណនេយ្យភាពសង្គមបានផ្ដល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវាមានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាព ចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្ដល់សេវាសាធារណៈទាំងឡាយ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាអាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀងផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C)។

 

ដើម្បីធានាបាននូវការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រស្ដីពីគណនេយ្យភាពសង្គមនេះ គ.ជ.អ.ប បានរៀបចំជាផែនការអនុវត្ត៣ឆ្នាំ (២០១៥-២០១៧) ដោយបានពិនិត្យនិងពិគ្រោះយោបល់ ជាមួយតំណាងសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្រាប់ឆមាសទី២នៃឆ្នាំ២០១៤នេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានសម្របសម្រួលនិងសហការអនុវត្ត ក្នុងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលចំនួន៦ រួមមានអង្គការ PACT, WVI, RACHA, Save the Children, CARE និង STAR Kampuchea ធ្វើការអនុវត្តសាកល្បងលើស្រុកគោលដៅចំនួន២២ (សាលាឃុំចំនួន១៨៦ឃុំ សាលា បឋមសិក្សាចំនួន៨៩១សាលា និងមណ្ឌលសុខភាពចំនួន១៣៦មណ្ឌល)ដែលគ្របដណ្ដប់ប្រជាពលរដ្ឋទទួលសេវាសរុបប្រមាណ១,៥លាននាក់។ សកម្មភាពទាំងនេះនឹងគ្រោងពង្រីកបន្ថែម រហូតដល់គ្របដណ្ដប់បានគ្រប់ឃុំនៅក្នុងស្រុកចំនួន១២០ស្រុក ក្នុងឆ្នាំ២០១៧ខាងមុខ ហើយជាមួយគ្នានេះដែរ បទពិសោធន៍ដែលទទួលបាន នឹងយកទៅបន្តរៀបចំសម្រាប់អនុវត្តនៅថ្នាក់ស្រុក ក្រុង រាជធានី ខេត្ត បន្ថែមទៀត។

 

គួរបញ្ជាក់ថា អង្គការសង្គមស៊ីវិល តំណាងប្រជាសហគមន៍និងអ្នកពាក់ព័ន្ធប្រមាណ១៨០នាក់ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៤ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន «ពិនិត្យមើលអ្វីខ្លះដែលយើងធ្វើបាន ជំហានបន្ទាប់» ដើម្បីចែករំលែកលទ្ធផលការងារ និងការសិក្សាស្រាវជ្រាវថ្មីៗដែលបានធ្វើឡើងក្នុងកម្រិតជាតិ តំបន់ និងពិភពលោកទាក់ទងនិងច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មាន និងការបើកចំហព័ត៌មាន ដោយនឹងប្រើប្រាស់របកគំហើញនោះជាជំនួយបន្ថែមលើដំណើរការរៀបចំច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មានសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់