កិច្ច​ប្រជុំ​លើក​ទី​៩​​​ របស់​ គ.ជ.អ.ប

ភ្នំពេញ ២៥ កញ្ញា ២០១៤៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំទីស្តីការក្រសួង មហាផ្ទៃ បានរៀបចំកិច្ចប្រជុំលើកទី៩ ដើម្បីពិនិត្យ សម្រេច លើរបៀបវារៈ សំខាន់ៗ ចំនួន ៨។

ភ្នំពេញ ២៥ កញ្ញា ២០១៤៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំលើកទី៩ ដើម្បីពិនិត្យ សម្រេច លើរបៀបវារៈ សំខាន់ៗ ចំនួន ៨។

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា គ.ជ.អ.ប រដ្ឋមន្រ្តី ឬក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការតាមក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមការងារគ្រប់គ្រង និងអនុកម្មវិធីនានា នៃផអ៣ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ព្រមទាំងប្រធានក្រុមប្រឹក្សា អភិបាល រាជធានី ខេត្ត ក្រុង ស្រុក និងមន្រ្តី លេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណ ១២២រូប។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដែលត្រូវពិភាក្សា និងអនុម័ត ដែលរបៀបវារៈទី១ ផ្តោតលើការពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំលើកទី៨ របស់ គ.ជ.អ.ប ត្រូវបានអនុម័តដោយអង្គប្រជុំ។ របៀបវារៈទី២ គឺការពិភាក្សាលើរបាយការណ៍ រយៈពេល៦ខែ ដើមឆ្នាំអំពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤។ ឯកឧត្តម ស ខេង បានមានប្រសាសន៍ពីបញ្ហា ប្រឈមធំៗចំនួន៣ គឺការផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការផ្ទេរមុខងារ និងធនធានទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាការងារចម្បងដែលត្រូវធ្វើដើម្បីបង្ខិតសេវា អោយកាន់ តែជិតដល់ប្រជាពលរដ្ឋមូលដ្ឋាន តែមកដល់ពេលនេះមានតែក្រសួង៣ ប៉ុណ្ណោះដែលផ្ញើរបាយការណ៍ស្តីពីការ ពិនិត្យឡើង វិញនូវ មុខងាររបស់ខ្លួនមកលេខាធិការដ្ឋាន គ.ជ.អ.ប គឺក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ក្រសួងអប់រំ យុវជន និងកីឡា។ បញ្ហាប្រឈមទី២ ក្នុងរបៀប វារៈទី២គឺការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅ មិនទាន់មានតម្លាភាព និងគណនេយ្យភាពគ្រប់គ្រាន់ និងជំរុញក្រុមការងារ លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមុខងារសាធារណៈ ពិនិត្យបញ្ហាទាំងនេះ ព្រមទាំងបញ្ហាប្រឈមទី៣ គឺការអនុវត្តមូលនិធិឃុំ សង្កាត់ និងមូលនិធិក្រុង ស្រុក នៅមានភាពមិនប្រក្រតីមួយ ចំនួនពាក់ព័ន្ធនឹងការរៀបចំគម្រោង ការដេញថ្លៃគម្រោង ការអនុវត្តគម្រោង និងការទូទាត់ គម្រោងជាដើម ដោយមានការចូលរួម ឃុបឃិត និងស៊ុមគ្រលំពីមន្ត្រីមួយចំនួននៅថ្នាក់ឃុំ សង្កាត់ និងជាពិសេសមន្រ្តីនៅថ្នាក់រាជធានី ខេត្ត ឯកឧត្តមជំរុញស្នើប្រធាន ក្រុមប្រឹក្សាអភិបាលរាជធានី ខេត្ត អោយត្រួតពិនិត្យ និងដោះស្រាយបញ្ហាដែលកើតមានជាបន្ទាន់។

ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក គឺជារបៀបវារៈទី៣ ដែលត្រូវ ពិភាក្សា និង អនុម័ត។ ឯកឧត្តម ស ខេង មានប្រសាសន៍ថាសេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្ទេរធនធានពី ថវិការដ្ឋជូនមូលនិធិក្រុង ស្រុកនេះគឺសម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ គឺធ្វើយ៉ាងណាដើម្បីធានាឲ្យក្រុង ស្រុកមានថវិកាក្នុង កម្រិតសមស្របមួយសម្រាប់ការអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួន។  ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ គឺប្រាក់បៀវត្ស មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើននឹងត្រូវបានដំឡើងក្នុងទំហំថវិកា ដ៏ធំមួយ អាស្រ័យហេតុនេះមូលនិធិក្រុង ស្រុកសម្រាប់រដ្ឋបាល និងអភិវឌ្ឍ មូលដ្ឋាននឹងមានការថយចុះ។

របៀបវារៈទី៤ ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំគឺ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ។ ក្នុងអនុក្រឹត្យនេះបានកំណត់ថាប្រធានក្រុមប្រឹក្សានិងជាមេឃុំ ចៅសង្កាត់នឹង ទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយនាក់ ៤០០.០០០រៀល(បួនរយពាន់រៀល) ក្នុងមួយខែ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាជំទប់ ទី១ និងជំទប់ទី២ ចៅសង្កាត់រងទី១ និងចៅសង្កាត់ រងទី២ ក្នុងមួយនាក់ ៣៥០.០០០រៀល(បីរយហាសិបពាន់រៀល) ក្នុងមួយខែ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមិនស្ថិត ក្នុងមុខតំណែងខាងលើ ក្នុងមួយនាក់ ៣០០.០០០រៀល (បីរយពាន់រៀល) ក្នុងមួយខែ មេភូមិក្នុងមួយនាក់ ១៦០.០០០រៀល (មួយរយហុកសិបពាន់រៀល) ក្នុងមួយខែ អនុប្រធានភូមិក្នុងមួយនាក់ ១៤០.០០០រៀល (មួយរយសែសិបពាន់រៀល) ក្នុងមួយខែ និង សមាជិកភូមិក្នុងមួយនាក់ ១២០.០០០រៀល (មួយរយម្ភៃពាន់រៀល) ក្នុងមួយខែ។

របៀបវារៈទី៥ក្នុងកិច្ចប្រជុំផ្តោតលើការពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីសម្រាប់ការរៀបចំ ការកែប្រែ និងការ លុបចោលដីកា របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាខណ្ឌ ដោយផ្អែកតាមមាត្រា ៦០នៃច្បាប់រៀបចំអង្គការ ក៏បានតម្រូវឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យ ដើម្បីកំណត់អំពីនីតិវិធីនៃការរៀបចំ ការកែប្រែ និងការ លុបចោលដីការបស់ក្រុមប្រឹក្សាផងដែរ។ សេចក្តីព្រាងអនុក្រឹត្យនេះឡើង ដើម្បីកំណត់អំពីនីតិវិធីនៃការរៀបចំ ការកែប្រែ និងការលុប ចោលដីការបស់ក្រុមប្រឹក្សា។

របៀបវារៈទី៦ពិភាក្សាពីការពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជា ជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ យោងតាមបទពិសោធន៍កន្លងមករដ្ឋបាលថ្នាក់ក្រោមជាតិមួយ ចំនួននៅមានភាពអល់ឯក ឬ មិនទាន់យល់អំពីសិទ្ធិអំណាចរបស់ខ្លួនក្នុងការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសនេះនៅឡើយ ដូច្នេះដើម្បីធានា និងលើកកម្ពស់ការប្រើប្រាស់នូវសិទ្ធិអំណាចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែល បានកំណត់ដោយច្បាប់ រៀបចំអង្គការក្នុងការជ្រើសរើស និងការអនុវត្តមុខងារជាជម្រើសនេះ សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបាន រៀបចំឡើង។

នាពេលកន្លងមក ការណែនាំអំពីការកសាងផែនការនៅថ្នាក់ក្រោមជាតិ ពុំទាន់បានញែកឲ្យដាច់ពីគ្នារវាងដំណើរការកសាងផែនការ នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឲ្យស្របតាមចរិតលក្ខណៈផ្សេងៗនៃរដ្ឋបាលថ្នាក់នីមួយៗនៅឡើយទេ ដូច្នេះរបៀបវារៈទី៧ គឺផ្តោតលើការ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងគោលនយោបាយស្តីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាគោលនយោបាយសម្រាប់ធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធ និងកិច្ចដំណើរការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានស្វ័យភាព ក្នុងការរៀបចំផែនការក្នុងអាណត្តិ ក្រុមប្រឹក្សារបស់ខ្លួន ដោយត្រូវដាក់បញ្ចូលនូវគោលនយោបាយ និងផែនការអភិវឌ្ឍន៍ របស់វិស័យទាំងឡាយដែល ប្រតិបត្តិការក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដើម្បីធានាឲ្យមានភាពស៊ីសង្វាក់គ្នាលើការចែករំលែកការ ទទួល ខុសត្រូវ ក្នុងការឆ្លើយតបទៅនឹង តម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋាន ព្រមទាំងរួមចំណែកសម្រេចបាននូវគោលដៅក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំមានការពិភាក្សាលើប្រធានបទចំនួន២ គឺការរៀបចំយន្តការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគរបស់ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវអនុវត្តពីឆ្នាំ២០១៦តទៅ និងប្រធានបទចុងក្រោយ គឺការ បង្កើតវិទ្យាស្ថានអភិវឌ្ឍន៍ ធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ  ដើម្បីបណ្តុះបណ្តាលដល់បន្ថែមដល់ រដ្ឋបាលថ្នាក់ ក្រោមជាតិ។

កិច្ចប្រជុំត្រូវបានបិទបញ្ចប់ដោយសេចក្តីសោមន្សរីករាយ ដោយការចូលរួមពិភាក្សា និងអនុម័តយ៉ាងយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធនានា។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់