ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ថ្មី​ចំនួន​៦​ ត្រូវ​បាន​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ

កំពង់ស្ពឺ ២៩ មីនា ២០១៧៖ ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស និងនៅកៀកជិតប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋសម្រាប់រដ្ឋបាលស្រុកថ្មីចំនួន៦ បន្ថែមលើការិយាល័យដែលមានសម្រាប់ក្នុងក្រុង ស្រុក ខណ្ឌចំនួន៤៦ នៅរដ្ឋបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកក្នុងពិធីសម្ពោធជាផ្លូវការថា ដោយមើលឃើញពីសារប្រយោជន៍របស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំនូវការផ្ដល់សេវារដ្ឋបាលមួយចំនួន ហើយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាតាមនីតិវិធីសាមញ្ញ ឆាប់រហ័ស និងមានតម្លាភាព រាជរដ្ឋាភិបាលកម្ពុជាដោយសហការជាមួយស្ថាប័នពាក់ព័ន្ធបានចាប់ផ្ដើមបង្កើតតាំងពីឆ្នាំ២០០៥ មក។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា ការិយាល័យដែលបានបង្កើតកន្លងមកមិនត្រឹមតែបានផ្ដល់សេវាដែលមានតម្លាភាព និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ ហើយថែមទាំងបានចូលរួមចំណែកក្នុងការប្រមូលចំណូលសម្រាប់រដ្ឋបាលផ្ទាល់ និងថវិកាជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាពទៀតផង។

ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលបានបើកសម្ពោធសម្រាប់រដ្ឋបាលស្រុកចំនួន៦ គឺមានស្រុកឧដុង្គ ស្រុកមោងឬស្សី ស្រុកពួក ស្រុកជីក្រែង ស្រុកខ្សាច់កណ្តាល និងស្រុកព្រៃនប់។

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងឱ្យដឹងក្នុងពិធីសម្ពោធថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់ស្រុកឧដុង្គ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ និងបានផ្ដល់សេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានចំនួន៦៧៦ សេវា ដែលមានប្រជាពលរដ្ឋទទួលសេវាសរុបចំនួន៦៤៧នាក់។

សម្តេចក្រឡាហោម ស ខេង ក្នុងពិធីសម្ពោធបានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវផ្ដោតការយកចិត្តទុកដាក់ និងខិតខំសម្រេចឱ្យបាននូវសូចនាករគោលសំខាន់ៗដូចជា គុណភាពព័ត៌មាន ភាពងាយស្រួលក្នុងការទទួលសេវា ការយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ការផ្ដល់សេវាត្រឹមត្រូវតាមអភិបាលកិច្ចល្អ និងយន្តការទទួលព័ត៌មានត្រឡប់ និងបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់