កិច្ចប្រជុំ​លើកទី៥៩ អាណត្តិទី១ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កណ្ដាល

កណ្ដាល ២៥ មេសា ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាលកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៩ អាណត្តិទី១នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព…

កណ្ដាល ២៥ មេសា ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាលកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៩ អាណត្តិទី១នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយបានពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗរួមមាន៖ ១.សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត ២.សេចក្ដីព្រាងរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៤ ស្ដីពីការអនុម័តការងាររបស់រដ្ឋបាលខេត្ត និង៣. របាយការណ៍វឌ្ឍនភាព ឆ្លើយតបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៣។

 

កិច្ចប្រជុំក្រុមប្រឹក្សានេះ ក៏បានផ្ដោតសំខាន់លើរបាយការណ៍វឌ្ឍនភាព និងការឆ្លើយតបចំពោះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាខេត្តដែលបានរៀបចំតាមបណ្ដាក្រុង ស្រុកកន្លងមកដែលមានបញ្ហាប្រឈមជាច្រើនដែលប្រជាពលរដ្ឋបានសំណូមពរឲ្យធ្វើការដោះស្រាយស្របតាមតម្រូវការចាំបាច់។ ក្នុងនោះមានបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ១. តម្លៃអគ្គិសនីនៅតាមបណ្ដាស្រុកមួយចំនួនមានតម្លៃខ្ពស់មិនឆ្លើយតបទៅនឹងជីវភាពរស់នៅ និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ២. ការផ្គត់ផ្គង់ទឹកស្អាតមិនទាន់បានល្អប្រសើរ ៣. ការបោះចោលសំរាមនៅក្នុងប្រឡាយទឹកនាំឲ្យស្ទុះចរន្តទឹក ៤. ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមិនទាន់បានល្អដែលបណ្ដាលឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថ្នាំងថ្នាក់ជាមួយអាជ្ញាធរ និង៥.បញ្ហារំលោភដីព្រៃលិចទឹកដែលជាតំបន់អភិរក្សពូជមច្ឆាជាតិ។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមប្រឹក្សាខេត្តព្រមទាំងថ្លែងកោតសរសើរចំពោះសមាជិក ក្រុមប្រឹក្សាខេត្តដែលបានចុះតាមដានគ្រប់វេទិកាផ្សព្វផ្សាយនៅថ្នាក់ក្រុង ស្រុក កន្លងមក ធ្វើឲ្យរបាយការណ៍វឌ្ឍនភាពមានភាពច្បាស់លាស់ ក្នុងការក្ដាប់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងគោលបំណងកែលំអការដឹកនាំ ណែនាំរបស់ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរឲ្យចំគោលដៅនៃសេចក្ដីត្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានបញ្ជាក់ថា បញ្ហាប្រឈមដែលក្រុមប្រឹក្សាខេត្តបានទទួលគឺចាំបាច់ណាស់ត្រូវធ្វើការពិនិត្យ ពិភាក្សាដើម្បីរកដំណោះស្រាយជាមួយជំនាញដែលគ្រប់គ្រង ដើម្បីកុំឲ្យកង្វល់នោះនៅយូរអង្វែងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋដែលជាហេតុនាំឲ្យប៉ះពាល់ដល់ការដឹកនាំរបស់មូលដ្ឋាន៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់