ភ្នំពេញ ២៧ មករា ២០១៥៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិ បានលើកឡើងថាគិតមកដល់ឆ្នាំ ២០១៥ មានប្រជាពលរដ្ឋជនបទប្រមាណ ៥០% បានទទួលការ កែលម្អអនាម័យ និងប្រើប្រាស់បង្គន់បានត្រឹមត្រូវដែលអត្រានេះមានភាពល្អប្រសើរ ជាងបណ្តាឆ្នាំកន្លងមកប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺនៅមានកម្រិតទាបនៅឡើយ។
ភ្នំពេញ ២៧ មករា ២០១៥៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិបានលើកឡើងថាគិតមកដល់ឆ្នាំ ២០១៥ មានប្រជាពលរដ្ឋជនបទប្រមាណ ៥០% បានទទួលការកែលម្អអនាម័យ និងប្រើប្រាស់បង្គន់បានត្រឹមត្រូវដែលអត្រានេះមានភាពល្អប្រសើរ ជាងបណ្តាឆ្នាំកន្លងមកប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺនៅ មានកម្រិតទាបនៅឡើយ។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងយុទ្ធសាស្រ្តដកចេញពីកម្មវិធីលើកកម្ពស់អនាម័យជនបទនៅភោជនីយដ្ឋានទន្លេបាសាក់ ២ កាលពីថ្ងៃម្សិលមិញលោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងដោយយោងតាមការជំរឿនថា ការប្រតិបត្តិអនាម័យល្អរបស់ប្រជាពលរដ្ឋនៅជនបទមានភាពប្រសើរឡើងជាលំដាប់ដែលនៅឆ្នាំ ២០១៣ មានអត្រា ២៣,២៤% ឆ្នាំ ២០១៤ កើនដល់៤៦,២% នៅឆ្នាំ ២០១៨ រំពឹងថានឹងកើនដល់ ៦០% ហើយគ្រោងនឹងសម្រេចបាន ១០០% នៅឆ្នាំ ២០២៥។
លោកបន្តថា៖ «បើយើងមើលពីការប្រើប្រាស់ទឹកស្អាត និងអនាម័យយើងឃើញថាទឹកហ្នឹងដើរលឿនជាងអនាម័យប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញអនាម័យឡើងស្ទុះខ្លាំងមែនទែន»។
កាលពីឆ្នាំ ២០១១ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជំនួយរយៈពេល ៥ ឆ្នាំពីមូលនិធិអនាម័យសកលនូវទឹកប្រាក់ ១២ លានដុល្លារដើម្បីលើកកម្ពស់អនាម័យជនបទក្នុងខេត្តចំនួន ៥ រួមមានខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម និងស្វាយរៀង ហើយអង្គការភ្លែនអន្តរជាតិជាអ្នកដឹកនាំកម្មវិធីនេះជាមួយអង្គការដៃគូផ្សេងទៀត។
កម្មវិធីនេះគឺជំរុញការលើកកម្ពស់ការប្រើប្រាស់បង្គន់ត្រឹមត្រូវការលាងដៃជាមួយសាប៊ូ និងបរិភោគទឹកស្អាត បង្កើតនិងពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធក្នុងការលើកកម្ពស់ការប្រតិបត្តិអនាម័យល្អក្នុងនោះបានជួយដល់ប្រជាជន ២១៣,០២៧ នាក់ក្នុងនោះកុមារ ១២៥,៤០៣ នាក់ក្នុង ២៥៩ ភូមិបានប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង។
លោក យេន យេប ក្លែនរេនស៊ីងក៌ នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិបានថ្លែងថាតាមការប្រកាសរបស់ក្រសួងប្រជាពលរដ្ឋជនបទប្រមាណពាក់កណ្តាល ឬ ៥០% បានទទួលការកែលម្អអនាម័យដែលជាលទ្ធផលល្អយល្អប្រសើរបើធៀបនឹងឆ្នាំ ១៩៩០ ដែលមានតែ ១១% ប៉ុន្តែតួលេខនេះបើធៀបនឹងប្រទេសជិតខាងគឺកម្ពុជាស្ថិតនៅក្រោមបន្ទាត់នៃការប្រតិបត្តិអនាម័យល្អបន្តិច។
លោកបន្តថា៖ «ប្រជាពលរដ្ឋនៅតាមជនបទគាត់នៅបន្ទោបង់ពាសវាលពាសកាលនៅក្នុងព្រៃ ឬទីវាលផ្សេងអ៊ីចឹងហើយនេះជារឿងសំខាន់ ដែលយើងត្រូវព្យាយាមធ្វើយ៉ាងណាផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ឲ្យគាត់ឃើញពីសារៈសំខាន់នៃការបន្ទោបង់ក្នុងបន្ទប់ទឹកឲ្យបានត្រឹមត្រូវអ៊ីចឹង កិច្ចការងារអនាម័យគឺជារឿងសំខាន់សម្រាប់សុខភាពរបស់ពលរដ្ឋទូទៅជាពិសេសកុមារតូច (អាយុក្រោម៥ឆ្នាំ)»។
លោកបានជំរុញឲ្យរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់សុខភាពអនាម័យធ្វើយ៉ាងណាបំពេញឲ្យបាននូវគោលការណ៍ ៦០% នៅឆ្នាំ ២០១៨ និង ១០០% នៅឆ្នាំ ២០១៥។
មន្ត្រីសម្របសម្រួលផ្នែកសុខភាពនៃអង្គការ CFED នៅខេត្តស្វាយរៀងលោក ព្រាប សុទ្ធ បានឲ្យដឹងថាបច្ចុប្បន្នប្រជាពលរដ្ឋនៅសហគមន៍មានការយល់ដឹងច្រើនពីសុខភាពអនាម័យក្រោយពីមានកម្មវិធីផ្សព្វផ្សាយលើកកម្ពស់អនាម័យជនបទនេះ។
លោកថា៖ «កន្លងមកសហគមន៍គាត់អត់ដឹងថាការបន្ទោបង់ពាសវាលពាសកាលហ្នឹងវាមានបញ្ហាលំបាក ឬឆ្លងមេរោគអីយ៉ាងម៉េចទេហើយការលាងដៃក៏គាត់មិនសូវបានចាប់អារម្មណ៍ដែរ។ ពីមុនពលរដ្ឋគាត់គិតតែរឿងផ្ទះសម្បែងផ្លូវថ្នល់ និងលំនៅឋានល្អៗអ៊ីចឹងទៅតែឥឡូវគាត់គិតពីសុខភាពច្រើនអ៊ីចឹងខ្ញុំសង្ឃឹមថាគាត់នឹងធ្វើការសាងសង់បង្គន់នៅគ្រប់ក្រុមគ្រួសារទាំងអស់»៕