ផែនការ​អភិវឌ្ឍន៍៥​ឆ្នាំ (​២០១៥-​២០១៩)​ របស់​ខេត្ត​កណ្ដាល​បាន​ដាក់​ឆ្លង​ពិនិត្យ​

កណ្តាល ២ កុម្ភៈ ២០១៥៖ ផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ខេត្តកណ្តាលត្រូវបានដាក់ឆ្លងពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការរបស់ខេត្តដើម្បីដាក់ជូនគណៈអភិបាលដើម្បីសម្រេច កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល។…

កណ្តាល ២ កុម្ភៈ ២០១៥៖ ផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ខេត្តកណ្តាលត្រូវបានដាក់ឆ្លងពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការរបស់ខេត្តដើម្បីដាក់ជូនគណៈអភិបាលដើម្បីសម្រេច កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល។

 

កិច្ចប្រជុំនេះមានការដឹកនាំដោយឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពីមន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិនិយោគខេត្ត។

 

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមមានប្រសាសន៍ថា គ្រប់មន្ទីរអង្គភាពជំនាញ ត្រូវពិនិត្យទៅតាមជំពូកផ្នែក និងវិស័យបស់ខ្លួនដែលបានដាក់ចូលក្នុងផែនការអភិវឌ្ឍន៏នាពេលនេះអោយបានគ្រប់ជ្រុងជ្រោយ ហើយត្រូវពិនិត្យនូវចំនុចដែលមិនចាំបាច់គឺត្រូវដកចេញ និងបន្ថែមចំនុនណាដែលមិនទាន់គ្រប់គ្រាន់ក្នុងផែនការ ទៅក្នុងសេចក្កីព្រាងផែនការអភិវឌ្ឍន៏ ៥ឆ្នាំ(២០១៥-២០១៩)  និងត្រៀមរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល(២០១៥-២០១៧) ដោយប្រើអោយអស់លទ្ធភាព និងកំណត់បញ្ហាប្រឈមអោយបានជាក់លាក់ដើម្បីរៀបចំផែនការសកម្មភាពឆ្លើយតបដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត (២០១៥-២០១៧) ទៅតាមធនធានដែលខ្លួនអាចកៀរគរបាន។

 

ឯកឧត្តម  បានបន្តទៀតថា កិច្ចប្រជុំនាពេលនេះគឺទាមទារអោយយើងទាំងអស់គ្នាចូលរួមយោបល់ដើម្បីឈានដល់ការសម្រេចបានផែនការមួយប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃដើម្បីអភិវឌ្ឍន៍ខេត្តកណ្តាលទាំងមូលកាន់តែមានភាពរីកចំរើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ 

 

គួរបញ្ចាក់ផងដែរថា ផែនការអភិវឌ្ឍន៏ (២០១៥-២០១៩)  និងដំណើរការកសាងផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០១៥-២០១៧) របស់ខេត្តកណ្តាល ចែកចេញជាបីជំពូកគឺ ៖ ជំពូកទី១ បរិយាយពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច សេចក្តីសង្ខេបទិន្នន័យសេដ្ឋកិច្ច និងសង្គមកិច្ចស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម។ ជំពូកទី២ ៖ គឺក្របខណ្ឌអភិវឌ្ឍន៍ខេត្ត និងជំពូកទី៣ ៖ ការតាមដានត្រួតពិនិត្យ វាយតំលៃការអនុវត្តផែនការអភិវឌ្ឍន៏ និងមានតារាងឧបសម័ន្ធចំនួន៨ ។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់