បញ្ហា​ចំបងៗ​ចំនួន​៥ ដែល​ត្រូវ​សម្រេច​អោយ​បាន​ក្នុង​ផអ៣ ដំណាក់​កាល​ទី២​

ភ្នំពេញ ០៥ កុម្ភៈ ២០១៥៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប បានផ្ដាំផ្ញើដល់ក្រសួងពាក់ និងអ្នកពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ត្រូវខិតខំប្រឹងប្រែងយ៉ាងធ្វើអោយផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ សម្រេចបាននូវលទ្ធផលដែលបានរំពឹងទុក។…

ភ្នំពេញ ០៥ កុម្ភៈ ២០១៥៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប បានផ្ដាំផ្ញើដល់ក្រសួងពាក់ និងអ្នកពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ត្រូវខិតខំប្រឹងប្រែងយ៉ាងធ្វើអោយផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ សម្រេចបាននូវលទ្ធផលដែលបានរំពឹងទុក។ ឯកឧត្តម បានថ្លែងផ្ដាំផ្ញើដូចនេះក្នុងពិធីបិទអង្គសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

 

ឯកឧត្តម បានជំរុញអោយមានការយកចិត្តទុកដាក់លើលទ្ធផលរំពឹងទុករបស់ផអ៣ដំណាក់កាលទី២ ដែលមានដូចជា៖ ១. ការផ្ទេរមុខងារ និងធនធានណាមួយដែលសមស្រប គឺចាំបាច់ត្រូវបានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិពិសេសរដ្ឋបាល ក្រុង ស្រុក។ ជាការពិតណាស់ យើងមិនអាចពិចារណាតែទៅលើការផ្ទេរមុខងារដែលគ្មានថវិកា ឬ ដែលមានថវិកាបន្តិចបន្តួចនោះឡើយ។ ឯកឧត្តមបានបន្តថា យើងទាំងអស់គ្នាត្រូវយល់ថា មានហេតុផលជាច្រើនដែលតម្រូវឱ្យយើងធ្វើការសម្រេច ចិត្តក្នុងការធ្វើវិមជ្ឈការនូវមុខងារនានា។ អ្វីដែលសំខាន់បំផុតគឺការបង្ខិតការធ្វើសេចក្តីសម្រេចចិត្តក្នុង ការផ្តល់សេវាឱ្យទៅកៀកជិតជាមួយប្រជាពលរដ្ឋ។ វានឹងជួយលើកកម្ពស់ដល់ការបង្កើតគំនិតផ្តួចផ្តើម ថ្មីៗ។ វានឹងផ្តល់នូវផ្លូវកាត់ដ៏ខ្លីមួយនៃគណនេយ្យភាព ពីព្រោះថាប្រសិនបើមានប្រជាពលរដ្ឋម្នាក់មិន ពេញចិត្តនឹងការផ្តល់សេវាណាមួយនោះ គាត់អាចទៅជួបសមាជិកក្រុមប្រឹក្សារបស់ខ្លួនតែម្តង។ 

 

 

២. ធនធានចាំបាច់នានាត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយអ្វីដែលសំខាន់បំផុត គឺការបង្កលក្ខណៈឱ្យក្រុង ស្រុកមានលទ្ធភាពចាប់់ផ្តើមអនុវត្តនូវគម្រោងអភិវឌ្ឍមូលដ្ឋានមួយចំនួន ដែលត្រូវផ្តោតសំខាន់លើវិមជ្ឈការហិរញ្ញវត្ថុ។ 

 

 ៣. ចាំបាច់ត្រូវពិនិត្យប្រព័ន្ធត្រួតពិនិត្យនីត្យានុកូលភាព និងត្រូវបន្តពង្រឹងឱ្យបានសមស្របដើម្បីធានាដល់ការអនុវត្តស្របតាមច្បាប់  ក៏ប៉ុន្តែមិនត្រូវធ្វើឱ្យនីតិវិធីទាំងនេះក្លាយទៅជាការគ្រប់គ្រង ចាត់ចែងពីលើយ៉ាងលម្អិតពេកនោះឡើយ។ អង្គភាពពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃត្រូវធ្វើការវាយតម្លៃអំពីការ បំពេញការងាររបស់មន្ត្រីទាំងឡាយដែលត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋាននានា ហើយក្នុងករណី រកឃើញថាមានមន្ត្រីដែល មិនអនុវត្តតាមច្បាប់ នោះត្រូវមានវិធានការដាក់ចេញជាបន្ទាន់។

 

៤.ការផ្តល់នូវស្វ័យភាពដល់ក្រុមប្រឹក្សាក្នុងការគ្រប់គ្រងមន្រ្តី បុគ្គលិកដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ គឺជាកត្តាដ៏ចាំបាច់ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពរបស់មន្ត្រី បុគ្គលិកទាំងនោះចំពោះរដ្ឋបាលថ្នាក់ ក្រោមជាតិក្នុងការបំពេញការងាររបស់ខ្លួន ព្រមទាំងបង្កើននូវការទទួលខុសត្រូវនិងគណនេយ្យភាពរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានស្របតាមគោលការណ៍នៃ ឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

 

និងទី៥. គោលនយោបាយស្តីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគោលនយោបាយនេះគឺបានផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់ការពិនិត្យឡើងវិញ និងកែសម្រួលនូវប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ ខ្ញុំសូមស្នើក្រសួងផែនការសហការជាមួយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកែសម្រួល សេចក្តីណែនាំបច្ចេកទេសស្តីពីប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធានាឱ្យប្រព័ន្ធនេះមានលក្ខណៈសមស្របទៅតាមប្រភេទផ្សេងៗគ្នារវាងតំបន់ទីប្រជុំជននិងតំបន់ជនបទ ការដាក់បញ្ចូលនូវការងារគណនេយ្យភាព សង្គម ការប្រែប្រួលអាកាសធាតុ និងសេវាសង្គមនានាដោយមានការយកចិត្តទុកដាក់ដល់ក្រុមជន ងាយរងគ្រោះទាំងឡាយ ជាពិសេសស្ត្រី ជនពិការ និងជនជាតិដើមភាគតិច ព្រមទាំងកំណត់នូវ ប្រតិទិនយ៉ាងច្បាស់លាស់សម្រាប់ការកសាងផែនការ ដែលមានលក្ខណៈអាចសម្របសម្រួលគ្នាបានរវាងថ្នាក់រដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់