ភ្នំពេញ​ប៉ុស្តិ៍៖ ខណ្ឌ ៤ នឹង​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​សំរាម

ភ្នំពេញ ៧ ធ្នូ ២០១៦៖ ខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញគ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីកាលវិភាគនៃការប្រមូលសំរាមថ្មីមួយជាមួយក្រុមហ៊ុនស៊ីនទ្រីនៅថ្ងៃនេះ។ នេះបើតាមប្រធានផ្នែកគ្រប់គ្រងការចាក់ចោលកាកសំណល់ក្នុងរាជធានីភ្នំពេញលោក ម៉ាប់ ម៉ូលម៉ារ៉ាឌី។

ភ្នំពេញ ៧ ធ្នូ ២០១៦៖ ខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញគ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីមួយស្តីពីកាលវិភាគនៃការប្រមូលសំរាមថ្មីមួយជាមួយក្រុមហ៊ុនស៊ីនទ្រីនៅថ្ងៃនេះ។ នេះបើតាមប្រធានផ្នែកគ្រប់គ្រងការចាក់ចោលកាកសំណល់ក្នុងរាជធានីភ្នំពេញលោក ម៉ាប់ ម៉ូលម៉ារ៉ាឌី។

 

លោក ម៉ារ៉ាឌី បានថ្លែងថាខណ្ឌចំនួន ៨ បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រមូលសំរាមនេះរួចហើយដោយលម្អិតអំពីកាលវិភាគពេលវេលាដែលត្រូវប្រមូលសំរាម និងការដាក់ទោសទណ្ឌថ្មីចំពោះការទុកឲ្យមានសំរាមរាយប៉ាយ។ លោក ម៉ារ៉ាឌី បានពន្យល់ថាគ្រប់សង្កាត់ទាំងអស់នឹងត្រូវមានភ្នាក់ងារចំនួនពីរដែលទទួលបន្ទុកធ្វើការងារអប់រំប្រជាជនអំពីការចាក់ចោលសំរាមឲ្យបានត្រឹមត្រូវ និងតាមដានសកម្មភាពរបស់ក្រុមហ៊ុនប្រមូលសំរាម។

 

លោកបានថ្លែងថា៖ «ភ្នាក់ងារទាំងពីរដែលនឹងត្រូវចាត់តាំងសម្រាប់សង្កាត់នីមួយៗនេះនឹងដើរតួនាទីក្នុងការតាមដានកិច្ចព្រមព្រៀងនេះ។ ពួកគេនឹងពិនិត្យថាតើបុគ្គលិករបស់ក្រុមហ៊ុនស៊ីនទ្រីមកយកសំរាមតាមការសន្យារបស់ខ្លួនឬអត់?»។ លោកបន្តថា៖ «ពួកគេនឹងតាមដានផងដែរថាតើប្រជាជនដាក់សំរាមរបស់ខ្លួនទាន់ពេលវេលាឬអត់? និងថាតើពួកគេបោះចោលសំរាមពាសវាលពាសកាលឬអត់? ហើយប្រសិនបើដូច្នេះភ្នាក់ងារនឹងអនុវត្តការដាក់ទោសទណ្ឌ»។

 

លោកបានថ្លែងថារហូតមកដល់ពេលនេះពួកគេមិនទាន់បានចាប់ផ្តើមពិន័យអ្នកដែលបានបំពាននៅឡើយទេប៉ុន្តែបច្ចុប្បន្ននេះគ្រាន់តែកំពុងធ្វើការអប់រំ ប្រជាជនអំពីវិធានថ្មីស្តីពីការចាក់ចោលសំរាម។ ទោះយ៉ាងណាក្តីលោកបានព្រមានថាការពិន័យនោះនឹងធ្វើឡើងនាពេលខាងមុខឆាប់ៗ។ «នាពេលខាងមុខយើងនឹងធ្វើតាមអនុក្រឹត្យដែលបានចែង។ មន្រ្តីនឹងអប់រំ និងដាក់ទោសទណ្ឌពួកគេនៅពេលជាមួយគ្នា។ ពួកគេជាមន្រ្តីរបស់សង្កាត់។ យើងកំពុងរៀបចំយន្តការដើម្បីឲ្យពួកគេអាចអនុវត្តការដាក់ទោសទណ្ឌនោះ»៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់