ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ចំនួន​៤០ បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​

ភ្នំពេញ ២៩ កក្កដា ២០១៦៖ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន៤០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតនៅតាមក្រុង ស្រុក ខណ្ឌ ដើម្បីជួយសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សជាងមុន។

 

ភ្នំពេញ ២៩ កក្កដា ២០១៦៖ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន៤០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតនៅតាមក្រុង ស្រុក ខណ្ឌ ដើម្បីជួយសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សជាងមុន។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងត្រៀមរៀបចំបង្កើតការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋដែលទើបបង្កើតថ្មី ដោយមានការចូលរួមពីតំណាងថ្នាក់ខេត្ត និងស្រុកគោលដៅថ្មីទាំង៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ឯកឧត្ដមចាន់ សុធា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រីកការិយាល័យច្រកចេញចូលតែមួយរហូតដល់ក្រុង ស្រុកទាំងអស់នៅទូទាំងប្រទេសដើម្បីបំពេញតម្រូវការផ្នែកសេវាកម្មរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ហើយផ្អែកតាមផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ក្រសួងមហាផ្ទៃបានកំណត់យកស្រុកចំនួន៦ក្នុងខេត្តចំនួន៥រួមមាន ស្រុកមោងឬស្សី ខេត្តបាត់ដំបង ស្រុកពួក និងស្រុកជីក្រែង ខេត្តសៀមរាប ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សម្រាប់អនុវត្តការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្នុងឆ្នាំ២០១៦។

 

គួរបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយ គឺជាការិយាល័យផ្ដល់សេវាកម្មដល់ប្រជាពលរដ្ឋ ដែលមានគោលដៅបម្រើប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និងអង្គការទាំងឡាយដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានក្រុង ស្រុក ខណ្ឌ ក្នុងទិសដៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានដែលមានស្រាប់នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅតាមនីតិវិធីរដ្ឋបាលដែលអាចសម្រេចការងារប្រកបដោយប្រសិទ្ធភាព និងមានរយៈពេលខ្លីជាងមុន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់