រាជធានីភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកសិក្ខាសាលា ស្តីពី «បុព្វហេតុ សមិទ្ធផល និងទស្សនវិស័យនៃការងារកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា» ដែលមានការចូលរួមពីគណៈកម្មាធិការកែទម្រង់ចំនួន ៤ របស់រាជរដ្ឋាភិបាល រួមមាន៖ (១)គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២)គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (៣)គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង(៤)គណៈកម្មាធិការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានរៀបចំជូនថ្នាក់ដឹកនាំ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាចំនួនប្រមាណ ៦០០នាក់ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍រំពឹងថា៖ សិក្ខាសាលានាថ្ងៃនេះ គឺជាឱកាសនៃការជួបជុំដ៏រស់រវើក និងអន្តរសកម្មនៃការចែករំលែកពុទ្ធិជាមេរៀន និងជាបទពិសោធន៍អំពីការងារកែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល ក្នុងចំណោមយុវជនទាំងជំនាន់មុនក៏ដូចជាជំនាន់បច្ចុប្បន្ន។ ថ្វីថ្បិតបើយើងបានបង្កើតកម្មវីធីកំណែទម្រង់ជាច្រើននៅសម័យក្រោយសន្តិភាពពេញលេញបរិបូរណ៍ក៏ពិតមែន ប៉ុន្តែការងារកែទម្រង់នេះ បានចាក់ឬសគល់របស់ខ្លួនចាប់ផ្តើមតាំងពីយើងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកបំផុតក្រោយការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពតមកម្លេះ។ សន្តិភាពដែលយើងបាននឹងកំពុងអាស្រ័យផលរយៈពេលជិត២ទស្សវត្សក្រោយៗនេះ គឺជាមហាសមិទ្ធិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយុវជនកម្ពុជាជំនាន់មុនបានស្ថាបនាឡើង ដោយការលះបង់គ្រប់បែបយ៉ាងរួមទាំងអាយុជីវិតផ្ទាល់ខ្លួន និងសេចក្តីសុខនៃក្រុមគ្រួសារផង។
តាំងពីនៅក្នុងដំណាក់កាលដែលប្រទេសយើងស្ថិតក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផង ថ្នាក់ដឹងនាំ និងយុវជនជំនាន់មុន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ដឹងច្បាស់ និងប្រកាន់ភ្ជាប់រួចទៅហើយថា ការងារកែទម្រង់គឺជាកិច្ចការស្លាប់រស់របស់ប្រទេសជាតិ ដែលយើងត្រូវធ្វើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងក្រោមការដឹកនាំប្រកបដោយភាពវ័យឆ្លាសប្រាកដនិយម ពោរពេញដោយភាពក្លាហាន និងគតិបណ្ឌិត ព្រមទាំងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមហារដ្ឋបុរសនៃយើង កម្ពុជាបានចាប់ប្រកាន់យកនូវការកែទម្រង់ជាបន្តបន្ទាប់ឥតរាថយ ដោយចាប់ផ្តើមពីការបញ្ចប់ភាពអត់ឃ្លានរាំរៃក្រោយការរំដោះប្រទេសជាតិនៅថ្ងៃប្រាំពីរមករាឆ្នាំ១៩៧៩ និងបានឆ្លងកាត់ការកែទម្រង់របបសេដ្ឋកិច្ចជាតិជាដំណាក់ៗ ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចពាក់កណ្តាលផែនការ ហើយមកដល់បច្ចុប្បន្ននេះក្លាយជាសេដ្ឋកិច្ចទីផ្សារ។ រហូតមកដល់ពេលការងារកែទម្រង់បានបន្តមកដល់ដំណាក់កាលនៃការដាក់ឱ្យដំណើរការកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយតាមអភិក្រមគ្របដណ្តប់តាមវិស័យស្របតាមឧត្តមនាវានិវត្តន៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ។
ជារួមសាវតានៃការដឹកនាំកសាងខឿនសេដ្ឋកិច្ចកម្ពុជា តាំងពីក្រោយថ្ងៃរំដោះប្រាំពីរមករាឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ននេះ គឺជាប្រវត្តិនៃការដឹកនាំកែទម្រង់ប្រកបដោយភាពក្លាហានមុះមុតឥតរាថយនៅលើមាគ៌ាគោលនយោបាយមួយ ដែលមានគោលដៅច្បាស់លាស់មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងសង្គត់ភាព។ នោះគឺជាប្រវត្តិនៃការដឹកនាំទីផ្សារប្រជាជន ដែលត្រូវបានប្រសិទ្ធនាមថា«Hun Sen Nomic»។
សេដ្ឋកិច្ចទីផ្សារប្រជាជន គឺជាសំណុំនៃល្បាយគោលនយោបាយ និងការដឹកនាំកសាងខឿនសេដ្ឋកិច្ចមួយ ប្រកបដោយបរិយាប័ន្ន មានលក្ខណៈបើកជំហរ សមាហរណកម្មជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ឆ្លើយតបយ៉ាងរស់រវើកទៅនឹងនិន្នាការប្រែប្រួលនានាទាំងក្នុងនិងក្រៅប្រទេសឈរលើគោលការណ៍ និងយន្តការទីផ្សារ ពិសេសការគោរព និងការការពារកម្មសិទ្ធិឯកជន ព្រមទាំងការប្រកួតប្រជែងដោយយុត្តិធម៌។ ក្នុងនោះវិស័យឯកជនដើរតួនាទីជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ហើយរដ្ឋមានតួនាទីជាទស្សនវិទូ ជាយុត្តិសាស្ត្រវិទូ និងជាអ្នកគ្រប់គ្រងកិច្ចអភិវឌ្ឍន៍ តាមរយៈការផ្គត់ផ្គង់នូវហេដ្ឋារចនាសម្ព័ន្ធ និងការសម្របសម្រួលចាំបាច់នានា ព្រមទាំងការបង្កើតនូវបរិយាកាសអនុគ្រោះ អំណោយផល ដល់កិច្ចដំណើរការទីផ្សារ ក៏ដូចជាការធ្វើអន្តរាគមន៍នៅពេលចាំបាច់ដើម្បីតម្រង់ទិសយន្តការទីផ្សារសំដៅធានាឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ថ្នាក់គ្រប់រូបអាចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ ជាមួយនឹងការចែករំលែកប្រកបដោយសមធម៌ និងផលផ្លែផ្កានៃការអភិវឌ្ឍដោយមិនបោះបង់ចោលអ្នកណាម្នាក់ឡើយ។
សូមបញ្ជាក់ថា កម្មវិធីនេះជាការចាប់ផ្តើមនៃយុទ្ធនាការផ្សព្វផ្សាយការងារកែទម្រង់ជូនដល់យុវជននៅតាមរាជធានី ខេត្ត៕