ក្រសួងមហាផ្ទៃ៖ ក្នុងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមច្បាប់ដែលបានកំណត់ ដោយសម្តេចក្រឡាហោមបានដាក់ចេញនូវចំនុចមួយចំនួនរួមមាន៖ ១.ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួន, ២.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវស្នើសុំចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងវិស័យនេះពីស្ថាប័នមានសមត្ថកិច្ច និងត្រូវអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ៣.ស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿង ជាពិសេសចូលរួមគាំទ្រដល់ដំណើរការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ៤.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ចតាមច្បាប់កំណត់ ដូចជាការផ្តល់របាយការណ៍ប្រចាំឆ្នាំ លេខគណនីនៅធនាគារ។ល។, ៥.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវរាយការណ៍ឱ្យបានច្បាស់លាស់អំពីថវិកា និងហិរញ្ញវត្ថុដែលទទួលបានពីប្រភពនានា ដើម្បីធានាថាថវិកាទទួលបានពីប្រភពស្របច្បាប់ ត្រូវជៀសវាងដាច់ខាតចំពោះការធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្រទានអាវុធមហាប្រល័យ។
សម្តេចក្រឡាហោម បានបន្ថែមថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេសក្នុងវិស័យសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសកម្ពុជា និងបានចូលរួមផងដែរក្នុងការតស៊ូមតិទាមទារឲ្យមានកំណែទម្រង់រដ្ឋ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ធនធានធម្មជាតិ បរិស្ថាន និងសេវាសង្គមផងដែរ។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៥.៤៨៣ ក្នុងនោះសមាគមចំនួន ២.២០៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣.២៨០ ។ ជាងនេះទៅទៀតក្រោយពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានប្រកាសឱ្យប្រើ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួនសរុប៨៣៨ ក្នុងនោះសមាគមចំនួន៤០៦ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៣២។ ស្របគ្នានោះដែរក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ តាមសំណើរបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា