ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ជា​សិទ្ធិ កាតព្វកិច្ច ករណី​កិច្ច និង​ជា​ទុន​សង្គម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ

ភ្នំពេញ ៥ ធ្នូ ២០១៦៖ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាសិទ្ធិ ជាកាតព្វកិច្ច ជាករណីកិច្ច ជាទុនសង្គម ដ៏សំខាន់មិនអាចខ្វះបាន និងជាកត្តាលិករកំណត់ក្នុងការពង្រឹងអភិបាលកិច្ចល្អគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីឈានទៅសម្រេចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសមធម៌ និងមាននិរន្តរភាព។

ភ្នំពេញ ៥ ធ្នូ ២០១៦៖ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាសិទ្ធិ ជាកាតព្វកិច្ច ជាករណីកិច្ច ជាទុនសង្គម ដ៏សំខាន់មិនអាចខ្វះបាន និងជាកត្តាលិករកំណត់ក្នុងការពង្រឹងអភិបាលកិច្ចល្អគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីឈានទៅសម្រេចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសមធម៌ និងមាននិរន្តរភាព។

 

នេះជាប្រសាសន៍របស់ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម ក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦។

 

ឯកឧត្ដម ងី ច័ន្រ្ទផល មានប្រសាសន៍បន្តថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាលស្ដីពីសារៈសំខាន់នៃគណនេយ្យភាពសង្គម គឺការលើកកម្ពស់គុណភាពនៃការផ្តល់សេវារដ្ឋបាល ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ (ទាំងសំឡេង ទាំងសិទ្ឋិ និងជីវភាពរស់នៅ) ការលើកកម្ពស់សមភាពរវាងប្រជាពលរដ្ឋក្នុងសហគមន៍ និងការធានានូវយុត្តិធម៌ក្នុងការទទួលបានសេវាសាធារណៈ។

 

ក្នុងឱកាសនោះដែរ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តគណនេយ្យភាពសង្គម ក្នុងនាមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា “នេះជាការរីករាយណាស់ដែលរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាច្រើន និងដៃគូអភិវឌ្ឍន៍បានចូលរួមបង្កើតក្របខ័ណ្ឌគណនេយ្យភាពសង្គមដែលជាការអនុវត្តថ្មីសម្រាប់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងគណនេយ្យភាពដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។ យើងសូមលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការបន្តកំណត់អាទិភាព និងវិនិយោគនៅក្នុងការងារកំណែទម្រង់ដ៏មានសារៈសំខាន់នេះ និងបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមឱ្យបានពេញលេញនៅក្នុងការអនុវត្តនេះ”។

 

គួរបញ្ជាក់ថា ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អនុវត្តរយៈពេលបីឆ្នាំ (២០១៦-២០១៨)  ត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដែលបានសហការអនុវត្តរវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិលមួយចំនួនដូចជា៖ អង្គការស្តារកម្ពុជា អង្គការឃែរអន្តរជាតិប្រចាំនៅកម្ពុជា អង្គការសម្ព័ន្តភាពដើម្បីសុខភាពកុមារ និងសុខភាពបន្តពូជ អង្គការសង្គ្រោះកុមារ អង្គការទស្សនៈពិភពលោក និងជាមួយដៃគូអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដើម្បីកៀរគរសហគមន៍ចូលរួមក្នុងការទទួលព័ត៌មាន ការចំហថវិកា ការតាមដានត្រួតពិនិត្យដោយប្រជាពលរដ្ឋ និងការរៀបចំផែនការសកម្មភាពរួមដើម្បីកែលំអការបំពេញការងារ និងការឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ផែនការអនុវត្តនេះមានគោលដៅអនុវត្តនៅក្នុងស្រុកចំនួន១២០ នៃខេត្តចំនួន១៩ ក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង៥លាននាក់ ជាពិសេសស្រ្តី កុមារ យុវជន ជនជាតិភាគតិច និងប្រជាជនក្រីក្រ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់