ម៉ា​ឌី​ហ្សុ​ន​២០១៥​ បំបែក​​កំណត់ត្រា​​ឯតទគ្គ​​កម្ម​​ពិភព​លោក (RFI)

សៀមរាប ១៧ មេសា ២០១៥៖ យុវជនសៀរាមអង្គរចំនួន២០១៥នាក់ បានរាំម៉ាឌីហ្សុន បំបែកឯតទគ្គកម្មពិលោកឆ្នាំ២០១៥។ បន្ទាប់ពីបានត្រួតពិនិត្យការរៀបចំពិធីរាំនេះ តាំងតែព្រឹកព្រលឹម និងចូលរួមតាមដានការរាំយ៉ាងហ្មត់ចត់ ព្រមទាំងវិនិច្ឆ័យតាមលក្ខណៈបច្ចេកទេសរួចមកក្រុមការងារ Guinness World Records បានប្រកាសថា យុវជនកម្ពុជាបានរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោកហើយនៅថ្ងៃនេះ។

 

សៀមរាប ១៧ មេសា ២០១៥៖ យុវជនសៀរាមអង្គរចំនួន២០១៥នាក់ បានរាំម៉ាឌីហ្សុន បំបែកឯតទគ្គកម្មពិលោកឆ្នាំ២០១៥។ បន្ទាប់ពីបានត្រួតពិនិត្យការរៀបចំពិធីរាំនេះ តាំងតែព្រឹកព្រលឹម និងចូលរួមតាមដានការរាំយ៉ាងហ្មត់ចត់ ព្រមទាំងវិនិច្ឆ័យតាមលក្ខណៈបច្ចេកទេសរួចមកក្រុមការងារ Guinness World Records បានប្រកាសថា យុវជនកម្ពុជាបានរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោកហើយនៅថ្ងៃនេះ។

 

នៅទីលានជល់ដំរី ខេត្តសៀមរាប យុវជនខ្មែរចំនួន២០១៥ បានរាំចង្វាក់ម៉ាឌីហ្សុនបំបែកកំណត់ត្រាពិភពលោក នាថ្ងៃទី១៥មេសា២០១៥។ យុវជនបានឈរប្រុងប្រៀបជាជួរយ៉ាងមានរបៀបរៀបរយ និងរាំសមនៅតាំងពីម៉ោង៦រហូតដល់ម៉ោងជាង១១ព្រឹក។ កម្មវិធីប្រកួតជាផ្លូវការ បានចាប់ផ្តើមនៅម៉ោង១១កន្លះ។ បន្ទាប់ពីរាំចប់គណៈកម្មការ Guinness World Records ដែលតំណាងដោយអ្នកស្រី Seyda Subasi Gemici  បានប្រើរយៈពេលជាង២ម៉ោងដើម្បីពិចារណានិងវាយតម្លៃ ហើយទើបប្រកាសជាផ្លូវការនៅម៉ោងជិត២រសៀលថា «កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោក លើប្រទេសអូស្ត្រាលី តាមរយៈការរាំចង្វាក់ម៉ាឌីហ្សុនដែលមានមនុស្សច្រើនជាងគេនៅលើលោក នៅឆ្នាំ២០១៥នេះ »។

 

គួរជម្រាបជូនថា ដើម្បីបានបំបែកកំណត់ត្រាពិភពលោកនេះបាន គេត្រូវគោរពលក្ខខណ្ឌចំនួន។ ទី១គឺត្រូវមានចំនួនមនុស្សច្រើនជាងកំណត់ត្រាចាស់ ហើយរាំឲ្យស្រុះនិងស៊ីចង្វាក់គ្នា។ ចំពោះការរាំដែលមិនមានក្បាច់ក្បួនត្រឹមត្រូវ គឺមិនឲ្យចូលរួមនោះទេ។ លក្ខខណ្ឌទី២ គឺត្រូវគោរពរយៈពេលរាំដែលមានចំនួនកំណត់៥នាទី។ រីឯចម្រៀងដែលប្រើប្រាស់សម្រាប់ការប្រកួត គឺរៀបរាប់ពីព្រឹត្តិការណ៍អង្គរសង្គ្រាន្តនៅខេត្តសៀមរាបនោះតែម្តង។

 

ជាមួយគ្នានេះ លោក កែវ មុន្នី ប្រធានក្រុមយុវជនរាំចង្វាក់ម៉ាឌីហ្សុនបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ដើម្បីឲ្យយុវជនខ្មែរទាំង២០១៥នាក់ រាំបានស្រុះគ្នានិងស៊ីចង្វាក់គ្នានោះ គេបានព្យាយាមរៀនហាត់សមអស់ពេលជាង៣ខែ។ លោកបានបញ្ជាក់ថា យុវជនទាំងនោះ គឺជាយុវជននៅខេត្តសៀមរាបទាំងអស់ដែលមកពីវិទ្យាល័យ មហាវិទ្យាល័យ សាលាគរុកោសល្យ និងមន្ទីរអប់រំខេត្ត។ អ្នកទាំង២០១៥ គឺជាយុវជនដែលរស់នៅក្នុងក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង។ ប្រធានក្រុមយុវជនរាំចង្វាក់ម៉ាឌីហ្សុនរូបនេះ បានឲ្យដឹងដែរថា ដើម្បីជ្រើសរើសយុវជនទាំង២០១៥នាក់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប បានរៀបចំកម្មវិធីប្រកួតជម្រុះចម្រាញ់តាមមន្ទីរអប់រំនិងសាលានានា ដើម្បីជ្រើសរើសយកតែអ្នកជើងខ្លាំងពីលេខ១ដល់លេខ៣នៃក្រុមតូចនីមួយៗ ហើយយកមកប្រមូលផ្តុំគ្នាជាក្រុមធំ រហូតដល់បានជាង២ពាន់នាក់នៅពេលនេះ។

 

ការបំបែកកំណត់ត្រាពិភពលោករបស់កម្ពុជាគ្រានេះ គឺឈ្នះលើឯតទគ្គកម្មពិភពលោករបស់ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៤ ដែលមានអ្នករាំចំនួន១១៥៥នាក់។ សូមរម្លឹកជូនថា ការរាំចង្វាក់ម៉ាឌីហ្សុនរបស់យុវជនកម្ពុជា ធ្លាប់បានជាប់កំណត់ត្រាពិភពលោកម្តងរួចហើយកាលពីឆ្នាំ២០១២ ដែលកាលណោះ មានអ្នកចូលរួមជិត១០០០នាក់។ គួរបញ្ជាក់ថាក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត  នំអន្សមយក្សរបស់ខ្មែរ ក៏បានទទួលការចុះបញ្ជីក្នុងកំណត់ត្រាពិភពលោកផងដែរកាលពីថ្ងៃទី១៣មេសា៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រវិទ្យុបារាំងRFI

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់