សម្ដេច​តេ​ជោ​ មានប្រសាសន៍ថា រយៈពេល១០ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​រាជរដ្ឋាភិបាល បាន​កសាង និង សម្រេច​បានជា​សារវន្ត នូវមូលដ្ឋាន​នៃ «​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​»

ភ្នំពេញ ២១ មីនា ២០១៦៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាពថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានកសាង និង សម្រេចបានជាសារវន្តនូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និង បានបង្កើន «គណនេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និង ការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។

ភ្នំពេញ ២១ មីនា ២០១៦៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាពថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានកសាង និង សម្រេចបានជាសារវន្តនូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និង បានបង្កើន «គណនេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និង ការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។

 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ និង កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥នៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញភោគីត្រា នាព្រឹកថ្ងៃទី២១ខែមីនានេះ។

 

សម្ដេចបន្តថា សមិទ្ធផលទាំង នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់បោះជំហានឆ្ពោះទៅកាន់ការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ដែលរួមមាន គោលបំណងគោលនយោបាយ កម្មវិធី និង ផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និង អង្គភាពសាធារណៈ នីមួយៗ។ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនេះ គឺជាជំហានកែទម្រង់មួយថី្មទៀតដែលនឹងត្រូវបានដាក់ឱ្យអនុវត្ត និង ពង្រឹងបន្ថែមនៅក្នុងដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ចាប់ពីឆ្នាំ ២០១៦ នេះ ដល់ឆ្នាំ២០២០។

 

ក្នុងស្មារតីធានាប្រសិទ្ធភាពនៃការអនុវត្តដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ សម្ដេចបានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់លើវិធានការជាក់ស្តែងជាគន្លឹះមួយចំនួនទៀត ដូចជា៖

 

ទី១-គ្រប់ក្រសួង-ស្ថាប័ន ត្រូវបន្តខិតខំកសាង និង លើកកម្ពស់ «ភាពជាអ្នកដឹកនាំ» និងត្រូវបង្កើនឆន្ទៈ និង ស្ថាបនា «ភាពជាម្ចាស់» លើការងារកែទម្រង់ ដែលជាទេសធម៌គន្លឹះនៃការបំពេញមុខងារ និង ភារកិច្ចរបស់ខួនចាប់តាំងពីកម្រិតរដ្ឋមន្ត្រី-ប្រធានស្ថាប័ន កម្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រហូតដល់កម្រិតគ្រប់គ្រង និង កម្រិតបច្ចេកទេសជំនាញ។

 

ទី២-គ្រប់ក្រសួង-ស្ថាប័ន ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងសមត្ថភាពធនធានមនុស្ស ដែលជាកត្តាកំណត់ជោគជ័យនៃការងារកែទម្រង់។

 

ទី៣-គ្រប់ក្រសួង-ស្ថាប័ន ត្រូវខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសារាចរលេខ ០៩ សរ ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៥ ស្ដីពីវិធាន និង នីតិវិធី នៃការរៀបចំការអនុវត្ត ការត្រួតពិនិត្យ តាមដាន និង ការវាយតម្លៃ លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាសង្គតិភាព និងការរៀបចំប្រសិទ្ធភាពនៃការអនុវត្ត ព្រមទាំងសុក្រឹតភាព និង ភាពទាន់ពេលនៃការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ការរៀបចំប្រព័ន្ធ និង យន្តការត្រួតពិនិត្យ តាមដាន និង វាយតម្លៃសមិទ្ធកម្មនៃការងារកែទម្រង់របស់ក្រសួង-ស្ថាប័ន ដោយភ្ជាប់មកជាមួយនូវវិធានការលើកទឹកចិត្ត និង វិធានការរឹតត្បិត គឺជាការឆ្លុះបង្ហាញកាន់តែច្បាស់អំពីស្មារតីនៃភាពជាម្ចាស់ និង ការទទួលខុសត្រូវ ខ្ពស់របស់រាជរដ្ឋាភិបាល លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅចំពោះមុខប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នទាំងអស់ នៅចំពោះមុខរាជរដ្ឋាភិបាល ព្រមទាំងការទទួលខុសត្រូវរបស់ប្រធានស្ថាប័ននីមួយៗនៅចំពោះមុខប្រមុខនៃរាជរដ្ឋាភិបាលផងដែរ។ ការអនុវត្តការកែទម្រង់លើគ្រប់វិស័យ និងកាន់តែស៊ីជម្រៅមិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់អ្នកណានោះទេ កិច្ចការកែទម្រង់ទាំងអស់របស់យើង ដោយឈរលើហេតុផល និង ដោយភាពជាម្ចាស់ និង វីរៈភាព ទម្រង់ ដំណើរវិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងនយោបាយក្របខ័ណ្ឌពិភពលោក។

 

ដោយក្តីជឿជាក់យ៉ាងមុតមាំលើការចូលរួមប្រកបដោយឆន្ទៈមុតស្រួចឥតងាករេ ព្រមជាមួយនឹងសម្បជញ្ញៈ នៃភាពជាម្ចាស់ និង ការទទួលខុសត្រូវខ្ពស់ ចំពោះការងារកែទម្រង់របស់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងគ្រប់ក្រសួង-ស្ថាប័នជាតិទាំងអស់ សម្ដេចរំពឹងទុកជាមុនថា ដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រាកដជានឹងដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសម្រេចបានជោគជ័យពេញលេញ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់