សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ កើន​ឡើង​១៦,១% ធៀប​ឆ្នាំ​២០១៥​ ​ស្រប​ពេល​​បៀវត្ស​សម្រាប់​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក៏កើន​ឡើង​២៣,៤% (CEN)​

ភ្នំពេញ ២១ តុលា ២០១៥៖ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ឬច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ បានកំណត់ពីចំណាយសរុបថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ១៧.៤៦២.៤៧៧ លានរៀល ស្មើប្រមាណជាង ៤.២៧៣ លានដុល្លារអាមេរិក ដែលមានកំណើន ១៦,១% ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៥ ស្មើនឹង ២១,៣១% នៃផ.ស.ស ( ផលិតផលក្នុងស្រុកសរុប )…

 

ភ្នំពេញ ២១ តុលា ២០១៥៖ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ឬច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ បានកំណត់ពីចំណាយសរុបថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ១៧.៤៦២.៤៧៧ លានរៀល ស្មើប្រមាណជាង ៤.២៧៣ លានដុល្លារអាមេរិក ដែលមានកំណើន ១៦,១% ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៥ ស្មើនឹង ២១,៣១% នៃផ.ស.ស ( ផលិតផលក្នុងស្រុកសរុប )។ 

 

ក្នុងនោះ ច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ ក៏បានកំណត់ពីការតម្លើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុងស្រុកខណ្ឌ និងខេត្តរាជធានី ចាប់ពីខែមករា ឆ្នាំ២០១៦តទៅ។

 

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦ បង្ហាញថាក្នុងចំណាយសរុប ១៧.៤៦២.៤៧៧ លានរៀល ស្មើប្រមាណជាង ៤.២៧៣ លានដុល្លារអាមេរិក នឹងត្រូវបែងចែកក្នុងការចំណាយលើបន្ទុកបុគ្គលិក រួមមាន៖ បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភនិវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៥.៦៣៦ លានរៀល ស្មើប្រមាណ ១,៣៨ លានដុល្លារ គឺមានកំណើន ២៣,៤ % ធៀបនឹងច្បាប់ឆ្នាំ២០១៥។ ថវិកានេះ ត្រូវបានគ្រោងសម្រាប់ការតម្លើងបៀវត្សមូលដ្ឋាន ក្នុងអត្រា ១២% អនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦ និងការដំឡើងប្រាក់បំណាច់មុខងារ នឹងត្រូវអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៦។

 

សេចក្តីព្រាងច្បាប់ ក៏បានបង្ហាញថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆ្នាំ២០១៦ នឹងត្រូវបានដំឡើង ដូចខាងក្រោម៖

-បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើងពី ៥៥២.៨០០ រៀល ដល់ប្រមាណ ៦០០.០០០ រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧០០.៥០០ រៀល។

 

-បៀវត្សគ្រូបង្រៀន នឹងត្រូវដំឡើងពី ៦៤៦.៤៨០ រៀល ដល់ប្រមាណ ៧០០.៥០០ រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៨០០.៥០០ រៀល។

 

-បៀវត្សគ្រូពេទ្យ នឹងត្រូវដំឡើងពី ៦៤៦.៧២០ រៀល ដល់ប្រមាណ ៧០០.៥០០ រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមករា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៨០០.៥០០ រៀល។

 

-បៀវត្សនគរបាល ( ពលបាលត្រី ) ត្រូវដំឡើងពី ៦៤០.០០០ រៀល ដល់ប្រមាណ ៦៩០.០០០ រៀល នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧៨៤.៧៣០ លានរៀល ( គិតបញ្ចូលរបបអង្ករ )

 

-បៀវត្សយោធិន ( ពលទោ ) នឹងត្រូវដំឡើងពី ៥៣៣.០០០ រៀល ដល់ប្រមាណ ៥៨០.០០០ រៀល ( មិនគិតបញ្ចូលរបបអង្ករ ) នៅខែមករា ឆ្នាំ២០១៦ ហើយចាប់ពីខែមេសា ឆ្នាំ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧៣៣.៧៣០ រៀល ( មិនគិតបញ្ចូលរបបអង្ករ )។

 

សេចក្តីព្រាងច្បាប់ ក៏បានកត់សម្គាល់ថា “ក្រៅពីការដំឡើងប្រាក់សោធននិវត្តន៍ជូននិវត្តជន ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពីចំនួន ១៦០ ពាន់រៀល ដល់ចំនួន ៤០០ ពាន់រៀលផងដែរ”៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់