ខណ្ឌ​ព្រែកព្នៅ​ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​២​ខ្សែ ​ក្នុង​សង្កាត់​សំរោង​

ភ្នំពេញ ២០ មករា ២០១៥ ៖ អភិបាលខណ្ឌព្រែកព្នៅ បានបើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ ដើម្បីតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងភូមិសំរោងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ភ្នំពេញ ២០ មករា ២០១៥ ៖ អភិបាលខណ្ឌព្រែកព្នៅ បានបើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ ដើម្បីតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

 

អញ្ជើញជាអធិបតីភាពបើកការដ្ឋានដោយ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបផងដែរ។

 

ផ្លូវទាំង២ខ្សែក្នុងភូមិសំរោងមានប្រវែង១១០ម៉ែត្រ និងទទឹងខ្នងលើ៨ម៉ែត្រ ដូចគ្នា ដែលចំណាយថវិកាអស់១៨០លានរៀល ដោយប្រើប្រាស់ថវិការបស់ខណ្ឌឆ្នាំ២០១៤។

 

លោក កង សែន ចៅសង្កាត់រងទី១នៃសង្កាត់សំរោងបានឲ្យដឹងថា ការស្ថាបនានេះគឺជាគម្រោងទី៣ហើយ ដែលបានប្រើប្រាស់ថវិការបស់មូលនិធិខណ្ឌឆ្នាំ២០១៤ ក្នុងនោះផ្លូវទី១ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់មកហើយនោះ មានប្រវែង៤៤២ម៉ែត្រ នៅក្នុងភូមិគ្រោះ និងផ្លូវទី២-មានប្រវែង១៩៥០ម៉ែត្រ នៅក្នុងភូមិសំរោងត្បូង។ ចៅសង្កាត់រងបានបន្តថា ប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងការស្ថាបនាផ្លូវក្នុងភូមិសំរោងជើងនេះ រីឯផលប៉ះពាល់នឹងប្រជាពលរដ្ឋតាមដងផ្លូវមិនមានអ្វីច្រើនឡើយ ដោយពួកគាត់ព្រមទទួលយក ហើយពួកគាត់ក៏បានចូលរួមក្នុងការស្ថាបនាផ្លូវបេតុងនេះផងដែរ។

 

លោក សុខ សម្បតិ អភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នការអភិវឌ្ឍរបស់ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

 

ក្នុងឱកាសនោះដែរ លោក សុខ សម្បតិ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានចូលរួមធ្វើសាក្សី ក្នុងការស្ថាបនាផ្លូវបេតុងប្រវែង២២០ម៉ែត្រនាពេលនេះ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងការស្ថាបនាផ្លូវ និងដាក់លូទាំងបណ្តោយផ្លូវ និងកាត់ទទឹងផ្លូវឲ្យមានភាពល្អប្រសើរ ពិសេសតាមដានមើលពីលក្ខណៈបច្ចេកទេស ថាតើក្រុមហ៊ុនស្ថាបនាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមកិច្ចសន្យាឬអត់។ ជាងនេះទៅទៀតលោកបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋយោគយល់រាល់ផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវនេះផងដែរ។ លោកអភិបាលខណ្ឌព្រែកព្នៅ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ដែលនៅតាមសងខាងផ្លូវចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា៕

 

នៅព្រឹកថ្ងៃដដែលនោះដែរ លោក សុខ សម្បតិ និងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលផ្លូវមួយខ្សែប្រវែង៥៥២ម៉ែត្រ ដែលបានធ្វើរួចរាល់៩០ភាគហើយនោះ ហើយផ្លូវនេះក៏ជាថវិការបស់មូលនិធិខណ្ឌឆ្នាំ២០១៤ផងដែរ ដែលស្ថិតនៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ 

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់