ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកពាក់ព័ន្ធប្រធានបទ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងផ.អ.៣ និងក្របខណ្ឌនៃការអនុវត្តគណនេយ្យភាពសង្គម» ដែលរៀបចំដោយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមប្រមាណជា ៣០០នាក់ មកពីអង្គការសមាជិក និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗ (តំណាងមន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ តំណាងស្ថាបន័ផ្សេងៗ រួមទាំងវិស័យឯកជន) ទូទាំងប្រទេសកម្ពុជា។
នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៨ របស់ គ.ស.ក សម្រាប់អង្គការសមាជិក ដៃគូនិងតំណាងស្ថាបន័ផ្សេងៗ ដើម្បីអបអរសាទនូវសមិទ្ធិផលឆ្នាំ២០១៧ និងពិភាក្សាលើចំណុចសំខាន់ៗដូចជា៖ និន្នាការសម្រាប់ការងារអភិវឌ្ឍន៍ បរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិល ការពង្រឹងអភិបាលកិច្ចល្អ នវានុវត្តន៍(គំនិតច្នៃប្រឌិត) ការលើកកម្ពស់យេនឌ័រ បរិយាប័ន្នសង្គម គុណភាពសេវាសាធារណៈ របៀបវារៈសម្រាប់ការអភិវឌ្ឍសាកល និងនិរន្តរភាពហិរញ្ញវត្ថុជាដើម។
ឯកឧត្តម ជាម ប៉េអា បានធ្វើបទបង្ហាញពាក់ព័ន្ធនឹង (១) សាវតាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (២) ស្ថានភាពមុន និងក្រោយមានកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង (៣) ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។
សូមបញ្ជាក់ថាការចូលរួមសហការជាមួយសង្គមស៊ីវិលជាផ្នែកមួយដ៏សំខាន់ក្នុងការដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕