ភ្នំពេញ ២៧ តុលា ២០១៧៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសម្រេចលទ្ធផលរំពឹងទុកជាអាទិភាពចំនួន ១៩ ចំណោមលទ្ធផលរំពឹងទុកជាអាទិភាពចំនួន ២២ ក្នុងការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៧ រយៈពេល ៩ខែ ដើមឆ្នាំ២០១៧ ។
លទ្ធផលរំពឹងទុកជាអាទិភាពទាំង ១៩ ត្រូវបានលើកបង្ហាញក្នុងកិច្ចប្រជុំលើកទី ១៤ របស់ គ.ជ.អ.បដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋមន្ត្រីសមាជិក គ.ជ.អ.ប ឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំក្រសួងមហាផ្ទៃ (អគារ S) នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៧។
លទ្ធផលរំពឹងទុកជាអាទិភាពដែល គ.ជ.អ.ប បានសម្រេចជោគជ័យទាំង ១៩ នោះ រួមមាន ១). ការរៀបចំកិច្ចប្រជុំរបស់ គ.ជ.អ.ប ដើម្បីដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ២). ការរៀបចំ និងការអនុម័តផែនការអនុវត្តរយៈពេល បីឆ្នាំ (២០១៨–២០២០) ដំណាក់កាលទី៣ (ផ.អ.៣ ទី៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ៣). ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់និរន្តរភាពនៃកិច្ចដំណើរការរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។ ៤). ការអនុវត្តផែនការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងស្រុកគោលដៅចំនួន ៩៨ស្រុក។ ៥). ការរៀបចំ និងការដាក់ឲ្យអនុវត្តយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
៦). ការរៀបចំ និងអនុម័តឯកសារគោលនយោបាយ និងឯកសារទស្សនទានស្តីពី អធិការកិច្ចរដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ក្នុងការអនុវត្តតាមក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។ ៧). ការរៀបចំ និងការដាក់ឲ្យអនុវត្តនូវសេចក្ដីណែនាំ ស្ដីពី បែបបទ និងនីតិវិធីសម្រាប់ការជ្រើសរើស ការតែងតាំង ការដំឡើងថ្នាក់ និងការវាយតម្លៃគុណផលបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ៨). ការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ៩). ការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដោយប្រើប្រាស់ស្ថាប័នរាជរដ្ឋាភិបាលដែលមានស្រាប់ និងកិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា។ ១០). ការលើកកម្ពស់សមត្ថភាពសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ១១). ការរៀបចំ និងការអនុម័តផែនការការអនុវត្តន៍សម្រាប់ការបង្កើត និងការគ្រប់គ្រងសាលាជាតិរដ្ឋបាលមូលដ្ឋាន។
១២). ការបង្កើត និងកិច្ចដំណើរការនៃការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌចំនួន ៥២ ។ ១៣). ការបង្កើនមូលនិធិក្រុង ស្រុក ផ្នែកអភិវឌ្ឍន៍ ដើម្បីជួយក្រុង ស្រុកមានធនធានសមស្របសម្រាប់ការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួន។ ១៤). ការពិនិត្យមើលឡើងវិញ និងការរៀបចំរបាយការណ៍រួមគ្នា ស្តីពី លក្ខខណ្ឌសម្រាប់ការចំណាយមូលនិធិក្រុង ស្រុកផ្នែកអភិវឌ្ឍន៍។ ១៥). ការដាក់ឲ្យអនុវត្តនូវយន្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ១៦). ការបន្តការរៀបចំ និងការដាក់ឲ្យអនុវត្តនូវលិខិតបទដ្ឋាននានា ស្ដីពី ប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមបញ្ជូលទាំងការរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ១៧). ការរៀបចំបញ្ចប់ និងការអនុម័ត នូវលិខិតបទដ្ឋាន និងសេចក្ដីណែនាំនានាស្ដីពី ការអនុវត្តគម្រោងគាំទ្រដោយមូលនិធិវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ១៨). ការលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តនូវប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង១៩). ការផ្សព្វផ្សាយ និងការណែនាំបច្ចេកទេសស្ដីពី កិច្ចដំណើរការកសាងផែនការអភិវឌ្ឍន៍ និងការកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមប្រភេទថ្នាក់រដ្ឋបាលនីមួយៗ ។
ដោយឡែក លទ្ធផលរំពឹងទុកជាអាទិភាពចំនួន ៣ ទៀតពុំទាន់បានសម្រេចនូវសកម្មភាពសំខាន់ៗ តាមគម្រោងក្នុងត្រីមាសនីមួយៗ នៅឡើយ។ លទ្ធផលរំពឹងទុកជាអាទិភាពចំនួន ៣ ដែលពុំទាន់សម្រេចបាននោះ រួមមាន ១). ការអនុវត្តយុទ្ធសាស្ត្រស្ដីពីការប្រាស្រ័យទាក់ទង និងការផ្សព្វផ្សាយព័ត៌មានអំពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២). ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ(SNIF) និង៣). ការអនុវត្តការប្រគល់មុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅឲ្យឱ្យរដ្ឋបាលក្រុង ស្រុក។
ជាមួយគ្នាដែរ គ.ជ.អ.ប មានបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៧ រយៈពេល ៩ខែ ដើមឆ្នាំនេះ ក្នុងនោះ មានដូចជា ១). ការរៀបចំសេចក្តីសម្រេចរួមរវាងក្រសួង ស្ថាប័នអនុវត្តទាំង៤៦ ជាមួយ គ.ជ.អ.ប នៅតែមានភាពយឺតយ៉ាវ។ ២). ការទម្លាក់ថវិកាពីដៃគូអភិវឌ្ឍន៍នៅតែមានភាពយឺតយ៉ាវ។ ៣). កិច្ចដំណើរការផ្ទេរមុខងារនៅមានភាពយឺតយ៉ាវ។ ៤). ប្រព័ន្ធអធិការកិច្ចទៅលើការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅពុំទាន់បានកែសម្រួលឲ្យមានលក្ខណៈជាប្រព័ន្ធ និងស្របតាមកំណែទម្រង់។ ៥). ការប្រាស្រ័យទាក់ទង និងផ្សព្វផ្សាយព័ត៌មានអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅមានកម្រិត។ ៦). ការអនុវត្តមូលនិធិក្រុង ស្រុកនៅពុំទាន់ឆ្លើយតបនឹងតម្រូវការនៃការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង ៧). ការចូលរួមរបស់ក្រសួង ស្ថាប័នក្នុងកិច្ចដំណើរការកំណែទម្រង់នៅមានកម្រិត។
ចំពោះគម្រោងថវិកាអនុវត្តវិញ ផ.ស.ថ ក្នុងឆ្នាំ២០១៧ មានគម្រោង “ថវិកាកញ្ចប់រួម” សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ ជំនួយបច្ចេកទេស និងសកម្មភាពស្នូលនានាមានចំនួនប្រមាណ ១១,៦ លានដុល្លារ ក្នុងនោះ មកទល់បច្ចុប្បន្ន គ.ជ.អ.ប បានទទួលថវិកាចំនួនសរុប ៨,២លានដុល្លារ (ថវិកាកញ្ចប់រួម ដែលផ្ទេរពីឆ្នាំ២០១៦ មានចំនួន ១,៥ លានដុល្លារ និងថវិកា Sida និង SDC បានផ្ទេរមក គ.ជ.អ.ប នៅខែឧសភា មានចំនួន ៣,៧លានដុល្លារ និងថវិកាគាំទ្រពី EU បានផ្ទេរមកឲ្យ គ.ជ.អ.ប តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅខែកញ្ញា មានចំនួន ៣លានដុល្លារ)។ ដោយឡែក ការចំណាយថវិកាកញ្ចប់រួមសរុបជិត ៦លានដុល្លារ ដែលស្មើនឹងចំនួន៥០% នៃថវិកាកញ្ចប់រួមសរុប ហើយរហូតដល់ចុងឆ្នាំ២០១៧ លេខាធិការដ្ឋាន គ.ជ.អ.ប បានព្យាករណ៍អំពីការចំណាយដែលអាចមានចំនួនប្រមាណ៨០% នៃថវិកាកញ្ចប់រួមប្រចាំឆ្នាំ។
សម្រាប់ទិសដៅសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០១៧នេះ គ.ជ.អ.ប បាន និងកំពុងបន្តអនុវត្តផែនការការងារមួយចំនួន បន្ថែមទៀត ក្នុងនោះ រួមមាន ១). ការរៀបចំ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប រៀបចំបញ្ចប់នូវបណ្ដុំព័ត៌មាន ដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទង និងផ្សព្វផ្សាយព័ត៌មានរបស់ គ.ជ.អ.ប សំដៅធានាឲ្យមានភាពប្រសើរឡើងនូវការយល់ដឹងអំពីកំណែទម្រង់វិមជ្ឈការ។ ២). ការរៀបចំបញ្ចប់ និងអនុម័តនូវផែនការយុទ្ធសាស្ត្រស្ដីពីប្រព័ន្ធអធិការកិច្ចលើការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងលក្ខណៈជាប្រព័ន្ធ និងមានប្រសិទ្ធភាព។ ៣). ការរៀបចំបញ្ចប់ និងអនុម័តនូវសេចក្ដីណែនាំអំពីនីតិវិធីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ។ ៤). រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមដែលថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវចូលរួមជាកាតព្វកិច្ច។ ៥). ការរៀបចំ និងដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រសម្រាប់ស្វែងរកការគាំទ្រដល់សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជាស្ត្រី (យុទ្ធសាស្ត្ររបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ)។ ៦). ការរៀបចំ និងអនុម័តផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។ ៧). រៀបចំបញ្ចប់នូវរបាយការណ៍ស្ដីពីលទ្ធផលនៃការសិក្សាវិភាគរួមគ្នាទៅលើការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក។ ៨). បន្តសម្របសម្រួលការអនុវត្តមុខងារនានាដែលបានផ្ទេរដូចជា មុខងារវិស័យអប់រំ បរិស្ថាន សង្គមកិច្ច អភិវឌ្ឍន៍ជនបទ និង ៩). បន្តសម្របសម្រួលការផ្ទេរមុខងារពាក់ព័ន្ធនឹងវិស័យដទៃទៀត ក្នុងនោះរួមមាន សុខាភិបាល សាធារណការនិងដឹកជញ្ជូន ទេសចរណ៍ ឧស្សាហកម្ម រ៉ែ និងថាមពល ធនធានទឹក បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ថា ផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ ២០១៧ គឺជាផែនការប្រចាំឆ្នាំចុងក្រោយនៃផែនការអនុវត្តរយៈពេល ៣ឆ្នាំដំណាក់កាលទី ២ (ផ.អ.៣ ទី២) ចាប់ពីឆ្នាំ ២០១៥ដល់ឆ្នាំ ២០១៧ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ស្ដីពី ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ គ.ជ.អ.ប បានអនុម័ត ផ.ស.ថ ឆ្នាំ ២០១៧ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។ ផ.ស.ថ ឆ្នាំ ២០១៧ មានសមិទ្ធផលរំពឹងទុកសំខាន់ៗចំនួន ៥ រួមមាន ១). ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ ២). ការលើកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៣). ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ៤). ការផ្ដល់សេវា និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ៥). វិមជ្ឈការហិរញ្ញវត្ថុ។ សមិទ្ធផលរំពឹងទុកសំខាន់ៗទាំង ៥ ចែកចេញជាលទ្ធផលរំពឹងទុកចំនួន ៣៧ ក្នុងនោះ រួមមាន លទ្ធផលរំពឹងទុកជាអាទិភាពចំនួន ២២ និងលទ្ធផលរំពឹងដែលមានលក្ខណៈគាំទ្រចំនួន ១៥៕