ភ្នំពេញ ២៥ តុលា ២០១៧៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំលើកទី១៤ របស់ គ.ជ.អ.ប នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាសមាជិករបស់ គ.ជ.អ.ប និងឯកឧត្តម លោកជំទាវដែលជាតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំបានផ្តោតជាសំខាន់ទៅលើការពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដែលមានចែងក្នុងរបៀប វារៈនីមួយៗ ដូចខាងក្រោម៖
១). ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប។
២). ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប ។
៣). ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ ។
៤). ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការធ្វើប្រតិភូកម្មអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។
៥). ការពិនិត្យពិភាក្សា និងអនុម័តលើការកែសម្រួលសៀវភៅណែនាំស្ដីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
៦). បញ្ហាផ្សេងៗ ។
ជាលទ្ធផលអង្គប្រជុំបានអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១). កំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប
២). របាយការណ៍ស្តីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៧ របស់ គ.ជ.អ.ប
៣). ឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ
៤). អនុក្រឹត្យស្តីពី ការធ្វើប្រតិភូកម្មអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
៥). ការកែសម្រួលសៀវភៅណែនាំស្តីពីការរៀបចំ និងអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់៕