ក្រសួង​​ ស្ថាប័ន​​ចំនួន​​១០​ បាន​​ធ្វើ​​ប្រតិភូកម្ម​​មុខងារ​​សេវា​រដ្ឋបាល​ចំនួន​ជាង​២០០​ប្រភេទ​ដល់​រដ្ឋបាល​ក្រុង ស្រុក​ ខណ្ឌ​

ព្រះសីហនុ ១៧ ធ្នូ ២០១៥៖ ក្រៅពីសេវារដ្ឋបាលដែលបានធ្វើប្រតិភូកម្មជាង២០០ប្រភេទជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺមានក្រសួង ស្ថាប័នមួយចំនួនបានរៀបចំនូវបញ្ជីផ្ទេរមុខងារ និងសាកល្បងផ្ទេរមុខងារវិស័យសុខាភិបាល សេវាទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទដល់រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនផងដែរ…

       

ព្រះសីហនុ ១៧ ធ្នូ ២០១៥៖ ក្រៅពីសេវារដ្ឋបាលដែលបានធ្វើប្រតិភូកម្មជាង២០០ប្រភេទជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺមានក្រសួង ស្ថាប័នមួយចំនួនបានរៀបចំនូវបញ្ជីផ្ទេរមុខងារ និងសាកល្បងផ្ទេរមុខងារវិស័យសុខាភិបាល សេវាទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទដល់រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនផងដែរ។

 

នេះជាលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងពិធីបិទសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ដែលមានសមាសភាពអ្នកចូលរួមមកពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍ប្រមាណជា៥០០រូប។

 

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជាលទ្ធផលតាំងទីផអ៣ទី១ មករាជរដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផអ៣ទី២ ២០១៥-២០១៧ ក្នុងការផ្ទេរមុខងារជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ «ខ្ញុំសូមចាត់ទុកថា ឆ្នាំ២០១៦ខាងមុខនេះ គឺជាឆ្នាំដែលយើងត្រូវប្រមូលផ្តុំរាល់កិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តកំណែទម្រង់របស់យើងទៅលើការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។។ 

 

ក្នុងឱកាសដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាស្ថាប័នអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្តេចក្រសឡាហោម ស ខេង បានផ្តល់ជាអនុសាសន៍ថា ជាមួយគ្នានេះដែរ ក្រៅពីការទទួលខុសត្រូវលើការគ្រប់គ្រង ចាត់ចែងអនុវត្តមុខងារជាកាតព្វកិច្ចនានាដែលត្រូវបានផ្ទេរពីក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការផ្តួចផ្តើមគំនិតជ្រើសរើស គ្រប់គ្រង និងចាត់ចែងអនុវត្តនូវមុខងារជាជម្រើសនានា ដោយប្រើប្រាស់ធនធានឆន្ទានុសិទ្ធិរបស់ខ្លួន សំដៅធានាដល់ការឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា។

 

សម្តេចក្រឡាហោម ស ខេង ក៏បានផ្តាំផ្ញើដល់លេខាធិការដ្ឋាន គ.ជ.អ.បត្រូវរៀបចំឱ្យមានការត្រួតពិនិត្យមើលឡើងវិញនូវចំណុចដៅនានានៃផែនការអនុវត្ត៣ឆ្នាំដំណាក់កាលទី២ ដើម្បីធានាថា ក្រោយពេលអនុវត្តចប់នូវផែនការនេះនៅឆ្នាំ២០១៧ រដ្ឋបាលថ្នាក់ក្រោមជាតិនឹងមានសមត្ថភាព និងលទ្ធភាពអនុវត្តមុខងារនានាយ៉ាងពេញលេញ និងកាន់តែមានប្រសិទ្ធភាពនៅក្នុងដំណាក់កាលទី៣ចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់