ភ្នំពេញ ០៦ តុលា ២០១៧៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្ដីព្រាងផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃ គ.ជ.អ.ប ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិក គ.ជ.អ.ប នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់ពីរ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ។
សិក្ខាសាលានេះមានសមាសភាពចូលរួមចំនួនជាង ២០០នាក់ ក្នុងនោះ រួមមាន ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដែលជាប្រធាន អនុប្រធាន និងសមាជិិករបស់ គ.ជ.អ.ប ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានអង្គភាពចំណុះឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលរាជធានី ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នក់រាជធានី ខេត្ត និងក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការតាមក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ។
ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) គឺជាផែនការអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីជាតិ។ ផអ៣ទី៣ មានចក្ខុវិស័យធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្ដល់សេវាសាធារណៈ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះទៀត ផអ៣ទី៣ មានគោលបំណង និងគោលដៅធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានស្វ័យភាព និងគណនេយ្យភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃ គ.ជ.អ.ប ថា កម្មវីធីជាតិនេះបានកំណត់សមាសភាគ ៥សំខាន់ៗ រួមមាន៖
ទីមួយ៖ ការបង្កើត និងការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិ មានអំណាចធ្វើសេចក្តីសម្រេចចិត្តដោយស្វ័យភាព ប្រជាធិបតេយ្យ តម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិកំណត់។
ទីពីរ៖ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានផ្ដល់សិទ្ធិ អំណាច ការទទួលខុសត្រូវក្នុងកម្រិតសមស្របមួយផ្តល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់ខ្លួន ហើយធានាដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញការងាររបស់បុគ្គលិកក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទីបី៖ ការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងបង្ខិតការធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឲ្យទៅកៀកជិតប្រជាពលរដ្ឋដែលធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗកាន់តែមានលទ្ធភាព និងគំនិតច្នៃប្រឌិតក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ផ្អែកតាមស្ថានភាពជាក់ស្ដែងដែលមានលក្ខណៈខុសៗគ្នា នៅមូលដ្ឋាននីមួយៗប្រកបដោយភាពបត់បែន ទន់ភ្លន់ និងមានប្រសិទ្ធភាពខ្ពស់។
ទីបួន៖ ការផ្ដោតលើវិមជ្ឈការហិរញ្ញវត្ថុ និងការរៀបចំប្រព័ន្ធផ្ទេរធនធាន និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ទីប្រាំ៖ ការផ្ដោតលើការគ្រប់គ្រងនៃកិច្ចដំណើរការកំណែទម្រង់ដែលធានាដល់ការលើកកម្ពស់ភាពជាម្ចាស់របស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការរៀបចំការអនុវត្តគោលនយោបាយ លិខិតបទដ្ឋាន និងកម្មវិធីនានាទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ។
សូមបញ្ជាក់ថា កម្មវិធីជាតិ ១០ឆ្នាំ របស់រាជរដ្ឋាភិបាលត្រូវបានបែងចែកជា ៣ដំណាក់កាលសម្រាប់ការអនុវត្ត រួមមាន ផអ៣ ដំណាក់កាលទី១ (២០១១-២០១៤) ផ្ដោតលើការអភិវឌ្ឍគោលនយោបាយ ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ផអ៣ ដំណាក់កាលទី២ (២០១៥-២០១៧) ផ្ដោតលើការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកែលម្អគុណភាពសេវា និងការអភិវឌ្ឍមូលដ្ឋាន និងដំណាក់កាលចុងក្រោយ ផអ៣ ដំណាក់កាលទី៣ (២០១៨-២០២០) គឺផ្ដោតលើការបន្តជំរុញ និងពង្រឹងការទទួលខុសត្រូវ និងស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។