ភ្នំពេញ ០៣ តុលា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងបូកសរុបលទ្ធផលការងារមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តទូទាំងប្រទេស ដើម្បីឲ្យការអនុវត្តការងារព័ត៌មានវិទ្យាកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ០៣ ដល់ ០៥ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ។
ក្នុងឱកាសថ្លែងសុន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្ដម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ផ្ដោតសំខាន់លើការពង្រឹងគេហទំព័រ និងទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗ និងផ្សព្វផ្សាយព័ត៌មានឲ្យបានទៀងទាត់ ពិសេសគឺផ្ដោតសំខាន់ព័ត៌មានទិន្នផលកសិកម្មនៅមូលដ្ឋាន ដើម្បីជាការជួយជំរុញផ្នែកទីផ្សារលក់ចេញដល់ប្រជាកសិករ។
មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ដែលហៅកាត់ថា (PITO) មានតួនាទីជួយគាំទ្រផ្នែកបច្ចេកទេសព័ត៌មានវិទ្យាដល់សាលារាជធានីខេត្ត មន្ទីរ អង្គភាព ដែលពាក់ព័ន្ធ សាលាក្រុង ស្រុក ខណ្ឌ និងជាគ្រូបង្គោលក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពព័ត៌មានវិទ្យា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងការអនុវត្តការងារកន្លងមក មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត បាននិងកំពុងប្រឈមលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ (១) ចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់មន្ត្រីរាជការមួយចំនួននៅមានកម្រិត (២) តម្រូវការអ៉ីនធឺណេតកាន់តែធំ ល្បឿនអ៉ីនធឺណេតនៅតូច និង (៣) សមត្ថភាពក្នុងការប្រើប្រាស់ស្មាតហ្វូន និងកុំព្យូទ័ររបស់មន្ត្រីរដ្ឋបាលខេត្ត ក្រុង ស្រុក មួយចំនួននៅមានកម្រិតជាដើម៕