សិក្ខាសាលា​ពិគ្រោះយោបល់​ស្ពី​ពី​ ការ​អភិវឌ្ឍ​ស្ថាប័ន​សម្រាប់​ការ​គ្រប់គ្រង​កាក​សំណល់​តាម​បែប​វិម្ឈការ​

ភ្នំពេញ ១១ ធ្នូ ២០១៤៖ ការគ្រប់គ្រងកាកសំណល់ គឺជាមុខងារមួយក្នុងចំណោមមុខងារផ្សេងទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលត្រូវផ្ទេរទាំងមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ភ្នំពេញ ១១ ធ្នូ ២០១៤៖ ការគ្រប់គ្រងកាកសំណល់ គឺជាមុខងារមួយក្នុងចំណោមមុខងារផ្សេងទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ត្រូវផ្ទេរទាំងមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង។ ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋានគ.ជ.អ.ប បានបញ្ជាក់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍស្ថាប័នសម្រាប់ការគ្រប់គ្រងកាកសំណល់តាមបែបវិម្ឈការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

 

លោក ដេនីស ស្រៃយ៍ តំណាងប្រចាំប្រទេសកម្ពុជាមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានថ្លែងពីគោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះថា ដើម្បីអោយអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកជំនាញអន្តរជាតិពិភាក្សា ចែករំលែកបទពិសោធន៍ការគ្រប់គ្រងកាកសំណល់ និងដើម្បីកែសម្រួលលើប្រកាសអន្តរក្រសួងរបស់ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃស្តីពីការគ្រប់គ្រងកាកសំណល់រឹង និងលូទឹក ដើម្បីកំណត់ពីមុខងារជាក់លាក់របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដើម្បីអោយស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ឯកឧត្តម ចាន់ សុធា ក៏បានលើកឡើងដែរថា ការពិនិត្យកែសម្រួលលើសេចក្តីប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រងកាកសំណល់រឹងនៅពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំផ្ទេរមុខងារ និងធនធានមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងដោយផ្ទាល់ ដែលការពិគ្រោះយោបល់នេះគឺអាចជួយដល់រាជរដ្ឋាភិបាលផ្ទេរមុខងារបានត្រឹមត្រូវ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារនេះបានល្អ។

 

ឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរពីការពិនិត្យលទ្ធភាព សហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ ក្នុងការធ្វើសេចក្តីប្រកាសអន្តរក្រសួងដាច់ដោយឡែកស្តីពីការគ្រប់គ្រងកាកសំណល់រឹង និងការគ្រប់គ្រងលូទឹក ដោយសារបញ្ហាទាំងពីរនេះមានវិសាលភាពធំធេង និងមានការពាក់ព័ន្ធពីភាគីច្រើន។ 

 

សិក្ខាសាលាពិគ្រោះយោបល់ដែលមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៤ នេះមានការសហការរៀបចំដោយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអង្គការខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់អង្គការខុរ៉ាដអាដិនណៅអ៊ែរ ដែលមានសមាសភាពអ្នកចូលរួមដូចជា តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងបរិស្ថាន ក្រុមការងារអង្គការខុនរ៉ាដអាដិនណៅអ៊ែរ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកំពត ខេត្តបាត់ដំបង តំណាងទីចាត់ការគ្រប់គ្រងកាកសំណល់ អ្នកជំនាញអន្តរជាតិ តំណាងអង្គការ TAF និងតំណាងអង្គការComped ដែលសរុបប្រមាណជា ៤០រូប។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់