រាជធានីភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការគ្រប់គ្រងគម្រោង EU-DAR និងមានអ្នកចូលរួមពីតំណាងលេខាធិការដ្ឋានគ.ជ.អ.ប ក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងតំណាងភាគីផ្តល់ជំនួយ BMZ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តំណាង GIZ ដែលជាភ្នាក់ងារអនុវត្តកម្មវិធី EU-DAR និងតំណាងសហភាពអឺរ៉ុបដែលជាសហភាគីផ្តល់មូលនិធិដល់កម្មវិធី EU-DAR ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងគម្រោង។
សេចក្តីព្រាងរបៀបវារៈដែលបានកំណត់ក្នុងកិច្ចប្រជុំដែលប្រព្រឹត្តឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៧ រួមមាន ១. ពិនិត្យរបាយការណ៍រីកចម្រើនរបស់គម្រោង EU-DARពីខែមេសាឆ្នាំ២០១៧ដល់ខែតុលាឆ្នាំ២០១៧។ ២.លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង EU-DAR និងកិច្ចការពិភាក្សារវាងតំណាងរាជរដ្ឋាភិបាលជាមួយម្ចាស់ជំនួយ (ស្ថានទូតអាល្លឺម៉ងនិងប្រតិភូរបស់សហភាពអឺរ៉ុប)។ ៣.ផែនការបន្ទាប់ និង៤.កិច្ចការផ្សេងៗ។
ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ពីគោលបំណងកម្មវិធី EU-DAR ថា EU-DAR ផ្តោតជាចម្បងលើការអនុវត្តសកម្មភាពនានាដែលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងមួយចំនួននៃកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រុង ស្រុក។ ឯកឧត្តមបាន បន្ថែមថា តាមរយៈសកម្មភាពទាំងនេះ កម្មវិធី EU-DAR នឹងនាំយកគោលនយោបាយលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាដែលបានរៀបចំនៅក្នុងក្របខណ្ឌនៃកម្មវិធីជាតិកំណែទម្រង់ទាំងពីរ ទៅអនុវត្តជាក់ស្តែងជាមួយរដ្ឋបាលក្រុង ស្រុក។
«ចក្ខុវិស័យរបស់កម្មវិធី EU-DAR គឺធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុង ស្រុកផ្តល់សេវាល្អប្រសើរដល់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះកម្មវិធីបានកំណត់នូវគោលបំណងរួមគឺរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានា (នៅស្រុកដៃគូ) ផ្តល់សេវាសាធារណៈប្រកបដោយគណនេយ្យភាពភាពឆ្លើយតបនឹងសុខដុមនីយកម្ម»។ ឯកឧត្តម សក់ សេដ្ឋា បញ្ជាក់ពីកម្មវិធី EU-DAR ដែលបានរៀបចំឡើងស្របទៅតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០- ២០១៩ ហើយដែលត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២០(ជាពិសេសផអ៣ដំណាក់កាលទី២និងទី៣) និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (២០១៥-២០១៨)។
សូមបញ្ជាក់ថា កម្មវិធីEU-DAR មានលទ្ធផលរំពឹងទុកសំខាន់ៗចំនួន៤ក្នុងនោះ រួមមាន លទ្ធផលរំពឹងទុកទី១ គឺផ្តោតជាសំខាន់លើការអនុវត្តឧបករណ៍គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ដែលជាប្រធានបទមួយដ៏សំខាន់នៅក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ។លទ្ធផលរំពឹងទុកទី២ ផ្តោតលើការអនុវត្តយន្តការផ្តល់សេវាសាធារណៈដូចជា១) ការអនុវត្តមុខងារជាកាតព្វកិច្ចនិងមុខងារជាជម្រើស(មុខងារជាអាណត្តិទូទៅ)ដែលជាមុខងារដ៏សំខាន់របស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ដោះស្រាយសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ២) ការអនុវត្តយន្តការច្រកចេញចូលតែមួយនិង ៣) ការអនុវត្តយន្តការសេវាផ្សេងៗទៀត (ដូចជាស្តង់ដារសេវាសាធារណៈ) ដើម្បីធានាដល់គុណភាពនៃការផ្តល់សេវាជាដើម។ លទ្ធផលរំពឹងទុកទី៣ផ្តោតលើការអនុវត្តការផ្ទេរមុខងារជាពិសេសក្នុងវិស័យអប់រំនិងសុខាភិបាល។ចំពោះលទ្ធផលរំពឹងទុកទី៤ ដែលជាលទ្ធផលរំពឹងទុកចុងក្រោយ គឺផ្តោតជាសំខាន់លើការអនុវត្តសាកល្បងគោលនយោបាយនានា (Policy Experimentation) ចែករំលែកបទពិសោធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដូចគ្នាសម្រាប់យកទៅអនុវត្ត និងការចែករំលែកបទពិសោធជាមួយថ្នាក់ជាតិ ដើម្បីប្រមែប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត ហើយក៏ជាមេរៀនបទពិសោធសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពអនុវត្តទៅថ្នាក់រដ្ឋបាលក្រោមជាតិផ្សេងៗទៀតផងដែរ៕