រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអនុញ្ញាតឱ្យតំណាងអង្គការសង្គមស៊ីវិលជាង ២០រូបចូលជួបពិគ្រោះយោបល់លើការងារការពារបរិស្ថាន និងធនធានធម្មជាតិនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម ង៉ាន់ ចំរើន បានថ្លែងស្វាគមន៍តំណាងអង្គការសង្គមស៊ីវិលជាង ២០រូបដែលដឹកនាំដោយវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGO Forum) ដែលបានដាក់របាយការណ៍សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី វិសោធនកម្មច្បាប់ស្តីពី ព្រៃឈើ និងច្បាប់ស្តីពី តំបន់ការពារធម្មជាតិ និងជលផល ជូនលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីសុំការពិនិត្យ និងពិគ្រោះយោបល់។
ថ្លែងក្នុងជំនួបពិគ្រោះយោបល់ការងារដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកមតិយោបល់ដែលមានក្នុងរបាយការណ៍របស់អង្គការសង្គមស៊ីវិលជាកត្តាចូលរួមមួយចំណែកសម្រាប់ការការពារបរិស្ថាន និងធនធានធម្មជាតិ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា “ការធ្វើការងាររួមគ្នារវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលនឹង ចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានកាន់តែល្អប្រសើរ”។
យោងតាមរបាយការណ៍កម្រាស់ចំនួន ៤០ទំព័រ តំណាងអង្គការសង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលបែងចែក កំណត់ការងារមួយចំនួនរវាងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសហគមន៍មូលដ្ឋាន ក្នុងនោះ រួមមាន៖
-សមត្ថកិច្ចគ្រប់គ្រងការប្រើប្រាស់ដីគម្របព្រៃឈើ
-ការគ្រប់គ្រងព្រៃផ្តល់ផលក្រៅពីសម្បទាន និងព្រៃការពារ
-ការចូលរួម និងសិទ្ធិប្រើប្រាស់របស់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច
-សមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិ
-រចនាសម្ព័ន្ធក្រសួង និងស្ថាប័នរដ្ឋ
-ការកំណត់ថ្លៃសួយសារ និងបុព្វលាភលើផល និងអនុផលព្រៃឈើ។
ជាការឆ្លើយតបនឹងតំណាងសង្គមស៊ីវិល ឯកឧត្តម ង៉ាន់ ចំរើន បានទទួលយកមតិយោបល់របស់អង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីពិចារណា និងបន្តពិភាក្សាពេលក្រោយទៀត។ ទន្ទឹមគ្នាដែរ ឯកឧត្តមបានលើកឡើងពីការងារតាក់តែងសេចក្ដីព្រាងក្រមការពារបរិស្ថាន និងធនធានធម្មជាតិរវាងក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ និងដៃគូជំនាញផ្សេងទៀត ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ទាក់ទងនឹងវិស័យបរិស្ថានកាន់តែមានប្រសិទ្ធភាពផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្រមការពារបរិស្ថានដែលនឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនាពេលខាងមុខនឹងក្លាយជាក្រមគោលសំខាន់ដែលមានវិសាលភាពក្នុងការគ្រប់គ្រងការងារការពារអភិរក្សធនធានធម្មជាតិជីវចម្រុះ និងធានាការអភិវឌ្ឍមួយប្រកបដោយចីរភាពនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយក្រុមមេធាវីវិស្ណុ និងកម្មវិធីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ (UNDP) បានរៀបចំតាក់តែងក្រមបរិស្ថានឡើងតាំងពីឆ្នាំ២០១៥។ សេចក្តីព្រាងក្រមនេះបែងចែកជាច្រើនផ្នែកដោយផ្តោតលើការគ្រប់គ្រងបរិស្ថាននិរន្តរភាពធនធានធម្មជាតិ ការគ្រប់គ្រងសំណល់ ការបំពុល និងបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ជាដើម៕